Swift cc time

ឆ្នាំ២០២៧៖ កម្មករនឹងទទួលបានប្រាក់ឈ្នួលសរុបទាបបំផុត ២៣១,៥ដុល្លារ/ម្នាក់ ដោយមិនទាន់គិតប្រាក់បន្ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗបន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា នៅឆ្នាំ២០២៧ បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារក្នុងម្នាក់ក្នុងមួយខែ ដោយរួមបញ្ចូលប្រាក់ឈ្នួលអប្បបរមា២១២ដុល្លារ ប្រាក់រង្វាន់ធ្វើការទៀងទាត់១០ដុល្លារ និងប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ៩,៥ដុល្លារ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា បងប្អូនកម្មករនឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារ ដល់២៤២,៥ដុល្លារក្នុងមួយខែ ដោយមិនទាន់រាប់បញ្ចូលប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងទៀត ដូចជា ប្រាក់ថ្លៃអាហារចំនួន២ ០០០រៀល ពេលធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្ត និងប្រាក់ឧបត្ថម្ភជំនាញដែលនឹងទទួលបានជារៀងរាល់ខែ ចាប់ពីឆ្នាំទី២ទៅផងដែរ។

ទន្ទឹមនឹងនេះ កម្មករនិយោជិតដែលមានអតីតភាពការងារលើសពី១ឆ្នាំ ក៏ទទួលបានប្រាក់រង្វាន់អតីតភាពការងារចាប់ពី២ដុល្លារ ដល់១១ដុល្លារក្នុងមួយខែ អាស្រ័យលើរយៈពេលបម្រើការងារ។ បើគិតបញ្ចូលប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោងទៀតនោះ ជាមធ្យម បងប្អូនកម្មករនឹងទទួលបានចំណូលជាង៣០០ដុល្លារក្នុងម្នាក់ក្នុងមួយខែ។

គួររំលឹកថា តួលេខនេះត្រូវបានកំណត់ក្រោយកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបន្ថែមចំនួន២ដុល្លារលើតួលេខ២១០ដុល្លារ ដែលទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោត។ ប្រាក់ឈ្នួលអប្បបរមាចំនួន២១២ដុល្លា នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧៕

Khcct banner

អត្ថបទទាក់ទង