ភ្នំពេញ៖ កម្ពុជា ទទួលបានពានរង្វាន់ទេសចរណ៍ ក្នុងនាមជា «គោលដៅទេសចរណ៍សម្រាប់យុវជនឈានមុខគេ នៅអាស៊ី ប្រចាំឆ្នាំ២០២៦» ហើយនេះជាឆ្នាំទី៥ហើយ ដែលកម្ពុជាទទួលបានពានរង្វាន់ថ្នាក់តំបន់នេះពី World Travel Awards។ ក្រសួងទេសចរណ៍បានថាត់ទុកថាការទទួលស្គាល់នេះ គឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ របស់កម្ពុជា ដែលស្តែងចេញពី សក្តានុពលទេសចរណ៍ដ៏សម្បូរបែប។
បើយោងតាមស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards) កម្ពុជាធ្លាប់បានឈ្នះពានរង្វាន់ជា «គោលដៅទេសចរណ៍យុវជនឈានមុខគេនៅអាស៊ី» (Asia’s Leading Youth Travel Destination) ក្នុងឆ្នាំ២០២២ ឆ្នាំ២០២៣ ឆ្នាំ២០២៤ និងឆ្នាំ២០២៥ កន្លងមក។ ឆ្នាំនេះ ជាឆ្នាំទី៥ ដែលកម្ពុជា បានទទួលពានរង្វាន់នេះ។
នៅឆ្នាំ២០២៦ កម្មវិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក លើកទី៣៣នេះ ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ នៅ CROSSROADS Maldives ដោយ World Travel Awards ស្របពេលនឹងការប្រារព្ធទិវាទេសចរណ៍ពិភពលោក។ ស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ទទួលស្គាល់នូវសមិទ្ធផលនានាពាក់ព័ន្ធការធ្វើដំណើរទូទាំងសកលលោក និងវិស័យទេសចរណ៍ រួមមាន គោលដៅទេសចរណ៍ ស្ថាប័នធ្វើការពាក់ព័ន្ធនឹងទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ ព្រមទាំងអាជីវកម្មទេសចរណ៍ដទៃទៀត។
ក្រសួងទេសចរណ៍បានថាត់ទុកថាការទទួលស្គាល់នេះ គឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ របស់កម្ពុជា ដែលស្តែងចេញពី សក្តានុពលទេសចរណ៍ដ៏សម្បូរបែប របស់កម្ពុជា បដិសណ្ឋារកិច្ចក៏កក់ក្តៅ សន្តិសុខនិងសុវត្ថិភាព និងវប្បធម៌ដ៏ផូផង់ ដែលភាគច្រើនបានទាក់ចិត្តភ្ញៀវបរទេស មកចង់កម្សាន្ត និងស្វែងយល់។
គួររម្លឹកថា ការប្រកួតប្រជែងនេះធ្វើឡើងក្នុងកម្រិតតំបន់ ដោយការកំណត់ចំណាត់ថ្នាក់នេះគឺសម្រេចឡើងតាមរយៈការបោះឆ្នោតគាំទ្រ ពោលគឺមិនមែនផ្អែកលើការវាស់វែងទៅលើចំនួនភ្ញៀវទេសចរនោះឡើយ។ ប្រទេសឡាវបានឈ្នះពានរង្វាន់ក្នុងប្រភេទនេះកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ បន្ទាប់មកគឺប្រទេសថៃនៅឆ្នាំ២០២១។ ចាប់តាំងពីឆ្នាំ២០២៤ កម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងប្រទេសឡាវ ថៃ និងវៀតណាម៕