ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានបើកការស៊ើបអង្កេតជាបន្ទាន់ ក្រោយពេលស្ថាប័ន Ombudsman របស់ឥណ្ឌូណេស៊ីបានចុះត្រួតពិនិត្យដោយមិនបានជូនដំណឹងមុនកាលពីថ្ងៃទី២៣ ខែកញ្ញា និងបានរកឃើញថា អ្នកទោសនៅក្នុងពន្ធនាគារ Cibinong ក្នុងតំបន់ Bogor ខេត្ត ជ្វាខាងលិច ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កន្លែងស្នាក់នៅ និងសម្ភារៈប្រើប្រាស់ដ៏ប្រណីតៗ។ ក្នុងប្រតិបត្តិការនោះ គេបានរកឃើញផ្ទះស្នាក់នៅប្រហែល ១៣ ខ្នងនៅពីក្រោយលំនៅដ្ឋានផ្លូវការរបស់ប្រធានពន្ធនាគារ ដែលក្នុងនោះមានអ្នកទោសមួយចំនួនកំពុងរស់នៅ ដោយរួមមានទាំងអ្នកទោសក្នុងសំណុំរឿងពុករលួយដ៏ល្បីឈ្មោះម្នាក់ដែលបានចាក់សោទ្វារគេចពីក្រុមការងារ Ombudsman ។
បើតាមការចេញផ្សាយរបស់ The Jakarta Post កន្លែងស្នាក់នៅទាំងនោះត្រូវបានរៀបចំជាបន្ទប់បែបអាផាតមិន បំពាក់ដោយម៉ាស៊ីនត្រជាក់ ទូរទស្សន៍ សាឡុង និងទូរទឹកកក ព្រមទាំងមានកន្លែងហាត់ប្រាណ ឧបករណ៍ហាត់វាយកូនហ្គោល (golf simulator) និងចំណតរថយន្តដែលមានរថយន្តប្រណីតៗ។ ស្ថាប័ន Ombudsman សង្ស័យថាមានការបង់ប្រាក់ដើម្បីទទួលបានសិទ្ធិពិសេសទាំងនេះ ដោយប្រភពខ្លះទម្លាយថាអ្នកទោសត្រូវបង់ប្រាក់ប្រមាណ ១៦០.០០០ រូពី (ជិត ៩ ដុល្លារអាម៉េរិក) ក្នុងមួយសប្តាហ៍។
អ្នកទោសចំនួន ៥២ នាក់ត្រូវបានសាកសួររួចហើយគិតត្រឹមថ្ងៃទី ២៦ ខែកញ្ញា ខណៈដែលការត្រួតពិនិត្យដែលពាក់ព័ន្ធនឹងបុគ្គលិកពន្ធនាគារ Cibinong ចំនួន ៥៤ នាក់ ក៏ត្រូវបានគ្រោងទុកផងដែរ។ក្នុងពេលជាមួយគ្នានេះ មន្ត្រីពន្ធនាគារចំនួន ៥ នាក់ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន រួមទាំងប្រធានពន្ធនាគារ និងប្រធានផ្នែកសន្តិសុខពន្ធនាគារ ផ្នែកអប់រំអ្នកទោស និងផ្នែកកិច្ចការទូទៅ៕