ថៃ៖ អាជ្ញាធរធនធានទឹកជាតិថៃ (ONWR) នៅថ្ងៃពុធ ទី៣០ ខែកញ្ញា នេះ បានចេញការប្រកាសអាសន្នជាបន្ទាន់ បន្ទាប់ពីកម្រិតទឹកជំនន់បានហក់ឡើងខ្លាំង រហូតតម្រូវឱ្យមានការបង្កើនល្បឿនបញ្ចេញទឹកចេញពីទំនប់ ចៅប្រាយ៉ា (Chao Phraya)។ លំហូរទឹកដ៏សន្ធឹកសន្ធាប់នេះ កំពុងបង្កើតជាសម្ពាធយ៉ាងខ្លាំងដល់ពលរដ្ឋថៃក្នុងតំបន់ និងប្រឈមនឹងការលិចលង់ខេត្តចំនួន៦ នៅភាគកណ្តាលប្រទេស រួមទាំងក្រុងអាយុធ្យា (Ayutthaya)។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Amarin News ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីលំហូរទឹកឆ្លងកាត់ស្ថានីយ C.2 ក្នុងខេត្ត Nakhon Sawan បានកើនឡើងដល់ ២,៣២៦ ម៉ែត្រគូបក្នុងមួយវិនាទី ដែលតម្រូវឱ្យទំនប់ត្រូវបង្កើនល្បឿនបញ្ចេញទឹកក្នុងអត្រា ២,២០០ ម៉ែត្រគូបក្នុងមួយវិនាទី ដើម្បីគ្រប់គ្រងស្ថានភាពទឹកឱ្យមានប្រសិទ្ធភាព។ ការបង្កើនការបញ្ចេញទឹកនេះ នឹងធ្វើឱ្យកម្រិតទឹកនៅផ្នែកខាងក្រោមទំនប់កើនឡើងពី ០.២០ ទៅ ០.៣០ ម៉ែត្របន្ថែមទៀត។
ជាការឆ្លើយតប អាជ្ញាធរថៃបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តប្រឈមទាំង៦ រួមមាន ខេត្ត Chainat, Sing Buri, Ang Thong, Phra Nakhon Si Ayutthaya, Pathum Thani និង Nonthaburi បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈឆ្លើយតបចំពោះហានិភ័យទឹកជំនន់ដែលអាចកើតមានឡើងជាយថាហេតុ។
គួរបញ្ជាក់ថា ថ្វីត្បិតតែការធ្លាក់ភ្លៀងនៅតំបន់ភាគខាងលើនៃប្រទេសថៃមានការថយចុះបន្តិច ដោយសារខ្យល់រដូវនិរតីមានកម្លាំងខ្សោយចុះ ប៉ុន្តែភ្លៀងផ្គររន្ទះនៅតែបន្តកើតមាននៅតំបន់ខ្លះ ហើយតំបន់ភាគខាងត្បូងនៅតែប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង។ គិតត្រឹមថ្ងៃពុធនេះ បរិមាណទឹកនៅក្នុងអាងស្តុកទឹកទូទាំងប្រទេសថៃមានប្រមាណ ៧៩% នៃសមត្ថភាពស្តុកសរុប (ប្រមាណ ៦៣,៧១៨ លានម៉ែត្រគូប) ដោយក្នុងនោះ តំបន់ភាគខាងលិច និងភាគខាងកើត មានកម្រិតទឹកក្នុងអាងខ្ពស់ជាងគេ រហូតដល់ជាង ៩០%៕