ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយកាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា ដោយបញ្ជាឱ្យកេណ្ឌទាហាន ១៥,៥០០ នាក់បន្ថែមទៀតទៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ វិធានការនេះបានធ្វើឱ្យកម្រិតកងកម្លាំងសរុបដែលត្រូវបានអនុញ្ញាតកើនឡើងដល់ ២,៤៤១,៦៣០ នាក់ ដែលក្នុងនោះរួមមានបុគ្គលិកយោធាផ្ទាល់រហូតដល់ ១,៥៥០,៥០០ នាក់។ ក្រឹត្យនេះបានចូលជាធរមានភ្លាមៗនៅថ្ងៃចុះហត្ថលេខា ដោយបានណែនាំឱ្យរដ្ឋាភិបាលរុស្ស៊ីបែងចែកកញ្ចប់ថវិកាសហព័ន្ធទៅឱ្យក្រសួងការពារជាតិ ដើម្បីគាំទ្រដល់ការកើនឡើងនៃកងកម្លាំងនេះ។
ទោះបីជាសេចក្តីសម្រេចនេះមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ក៏ដោយ វាបានកើតឡើងចំពេលដែលរុស្ស៊ី និងអ៊ុយក្រែនកំពុងបាត់បង់ជីវិត និងរបួសកងទ័ពយ៉ាងច្រើនក្នុងសង្គ្រាមដែលបានអូសបន្លាយជាង ៤ ឆ្នាំកន្លះមកនេះ។ ការកែសម្រួលនេះត្រូវបានគេមើលឃើញថាជាការបង្កើនចំនួនកងកម្លាំងលើកទីបួនក្នុងរយៈពេល ៧ ខែចុងក្រោយនេះ ដែលបានបន្ថែមតួនាទីសរុបចំនួន ៥២,៥០០ កន្លែង ក្នុងនោះ ៥០,៥០០ កន្លែងជាបុគ្គលិកយោធា។ ចំនួននេះមានការកើនឡើងយ៉ាងគត់សម្គាល់ បើធៀបនឹងក្រឹត្យចាស់កាលពីថ្ងៃទី ១ ខែសីហា ដែលធ្លាប់បានកំណត់កម្រិតកងកម្លាំងសរុបត្រឹម ២,៤២៦,១៣០ នាក់ និងទាហានចំនួន ១,៥៣៥,០០០ នាក់៕