ខេត្តហឺណាន៖ តំណាងនៃមជ្ឈមណ្ឌលពិពរណ៌កសិកម្មក្រុងជីងចូវ ខេត្តហឺណាន សារធាណរដ្ឋប្រជាមានិតចិន បានបង្ហាញចំណាប់អារម្មណ៍លើការនាំចូលកសិផលសក្កានុពលកម្ពុជា ចូលទីផ្សារប្រទេសចិន រួមមាន៖ ដំណាប់ស្វាយ គ្រាប់ស្វាយចន្ទី ធុរេន ផ្លែមៀន។ ចំណាប់អារម្មណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយ លោក Fang Guogen អគ្គនាយកនៃមជ្ឈមណ្ឌលពិពរណ៌កសិកម្មក្រុងជីងចូវ អំពីកាលានុវត្តភាពវិនិយោគចំនួន ៣រួមមាន៖ (១)ការវិនិយោគនាំចេញកសិកម្មសក្កានុពលកម្ពុជា ដែលបានចុះពិធីសាររួចជាមួយនឹងអគ្គរដ្ឋបាលគយចិន (២)ការវិនិយោគនាំចូលធាតុចូលកសិកម្ម ព្រមទាំងគ្រឿងយន្ដកសិកម្ម បច្ចេកវិទ្យាទំនើបកសិកម្មជាដើម ពីប្រទេសចិនមកទីផ្សារកម្ពុជា និង(៣)ការបណ្តាក់ទុនវិនិយោគដោយផ្ទាល់(FDI) នៅប្រទេស កម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពេញលេញ(QIP) ហើយស្របតាមច្បាប់វិនិយោគរបស់ប្រទេសកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន។ លោកក៏បានអញ្ជើញអ្នកវិនិយោគចិន ចូលរួមព្រឹត្តិការណ៍ពិព័រណ៌កសិកម្មកម្ពុជា(CAFE26) ដែលនឹងប្រព្រឹត្តទៅនាខែតុលាខាងមុខនេះ។
ជាមួយគ្នានេះ ភាគីចិនក៏បានបង្ហាញចំណាប់អារម្មណ៍លើការនាំចូលកសិផលសក្កានុពលកម្ពុជាមកកាន់ទីផ្សារប្រទេសចិន រួមមាន៖ ដំណាប់ស្វាយ គ្រាប់ស្វាយចន្ទី ធុរេន ផ្លែមៀន ព្រមទាំងនឹងធ្វើទស្សនៈកិច្ចទៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅ និងជំរុញលើការវិនិយោគកសិ-ពាណិជ្ជកម្ម៕