Swift cc time

កម្ពុជាត្រៀមបង្ហាញ«ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី»ទៅកាន់ពិភពលោកតាមរយៈព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលជាវេទិកាអន្តរជាតិដ៏សំខាន់សម្រាប់បង្ហាញអត្តសញ្ញាណជាតិ វប្បធម៌ ទេសចរណ៍ ម្ហូបអាហារ ការច្នៃប្រឌិត និងសក្តានុពលរបស់កម្ពុជា ក្រោមមូលបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ដើម្បីបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ភាពរួសរាយរាក់ទាក់ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជនកម្ពុជា ព្រមទាំងបង្កើតវេទិកាផ្លាស់ប្តូរវប្បធម៌ ការលើកកម្ពស់ទេសចរណ៍ ការបង្ហាញម្ហូបអាហារ និងការច្នៃប្រឌិតរបស់យុវជន និងសហគ្រិនកម្ពុជា ទៅកាន់ប្រទេសសមាជិកអង្គការ OIF ប្រមាណ ៩០ ប្រទេស និងភ្ញៀវអន្តរជាតិមកពីជុំវិញពិភពលោក។នេះបើយោងតាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ការថ្លែងនេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» (Village de la Francophonie) ដោយមានការអញ្ជើញចូលរួមពីលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥, លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ, ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងព្រឹត្តិការណ៍អម នឹងរៀបចំ ស្តង់ និងទីតាំងពិព័រណ៍ទាំងអស់នៅក្នុង Village de la Francophonie នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីបើកឱកាសឱ្យក្រសួង-ស្ថាប័ន វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម សិល្បករ អ្នកផលិត និងដៃគូអភិវឌ្ឍន៍ ចូលរួមបង្ហាញសមិទ្ធផល សក្តានុពលទេសចរណ៍ ផលិតផល វប្បធម៌ និងការវិនិយោគរបស់កម្ពុជា លើឆាកអន្តរជាតិ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន សមាគមឧស្សាហកម្មទេសចរណ៍ អាជីវកម្ម សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន សិល្បករ អ្នកផលិត និងគ្រឹះស្ថានអប់រំ ឱ្យចូលរួមយ៉ាងសកម្មក្នុងការតាំងពិព័រណ៍ និងរៀបចំសកម្មភាពនានា ដើម្បីផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ផលិតផល និងសក្តានុពលវិនិយោគរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសនិយាយភាសាបារាំង និងពិភពលោក ព្រមទាំងរួមគ្នាបង្ហាញមុខមាត់ និងមោទនភាពជាតិរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដ៏មានកិត្យានុភាពនេះ៕

Khcct banner

អត្ថបទទាក់ទង