ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) បានប្រកាសសម្រេចឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់«លក់ឡៃឡុងដីឡូត៍»នៅទំនេរចំនួន ១២៩១ ក្បាលដី ក្នុងគម្រោង ឡេង ណាវ៉ាត្រា ដែលមានទីតាំងស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប។ការសម្រេចនេះ ដោយក្រសួងពន្យល់ថា ដើម្បីប្រមូលថវិការសម្រាប់ទ្រទ្រង់ដល់ដំណើរការដោះស្រាយជូនអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា គ្រុប ឯ.ក។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងរៀបចំដែនដី បានគូសបញ្ជាក់ថា ដើម្បីប្រមូលថវិការសម្រាប់ទ្រទ្រង់ដល់ដំណើរការដោះស្រាយជូនអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា គ្រុប ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង និងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ក្រសួង ដ.ន.ស បានអនុញ្ញាតឲ្យក្រុមហ៊ុន ដាក់លក់ឡៃឡុងដីឡូត៍ដែលនៅទំនេរចំនួន ១២៩១ក្បាលដី ក្នុងគម្រោង ឡេង ណាវ៉ាត្រា ដែលមានទីតាំងស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប។
បើតាមសេចក្តីប្រកាសព័ត៌មាន បន្តថា ការដាក់លក់ដីឡូត៍ឡៃឡុងនេះ ជាដីដែលមានទីតាំងពិតប្រាកដ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណបំបែកក្បាលដី) រួចរាល់ មិនពាក់ព័ន្ធនឹងតតិយជន និងមិនប៉ះពាល់លើទីតាំងដីឡូត៍ដែលអតិថិជនបានទិញឬដោះដូរកន្លងមកនោះឡើយ។ រាល់ប្រតិបត្តិការទូទាត់ប្រាក់លក់ទិញដីឡូត៍ខាងលើ ត្រូវធ្វើឡើងតាមគណនីក្រសួងនៅធនាគារកាណាឌីយ៉ាដែលមានលេខ 001-0008564111 ដូចមានក្នុង QR Code ភ្ជាប់ក្នុងសេចក្តីប្រកាសព័ត៌មាននេះ៕