ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានជួបជាមួយក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Mastercard ដើម្បីពង្រីកការប្រើប្រាស់កម្មវិធីទូទាត់ បាគងទេសចរ ទៅកាន់អ្នកប្រើប្រាស់ជាអន្តរជាតិ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវអន្តរជាតិមកកាន់កម្ពុជា ជាពិសេសទប់ស្កាត់ការក្លែងបន្លំ ព្រមទាំងបង្ការហានិភ័យនានា។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងរវាងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយលោក Donald Ong ប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា។
បើតាមសចក្តីជូនដំណឹង កិច្ចពិភាក្សាបានគូសបញ្ជាក់ពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ជាពិសេសការពង្រីកការប្រើប្រាស់កម្មវិធីទូទាត់ បាគងទេសចរ ទៅកាន់អ្នកប្រើប្រាស់ជាអន្តរជាតិ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវអន្តរជាតិមកកាន់កម្ពុជា។
ជាមួយគ្នានេះ លោកសករី ជា សិរី ក៏បានលើកឡើងពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញសមិទ្ធផលប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជាទៅកាន់ភ្ញៀវអន្តរជាតិ តាមរយៈការរៀបចំកិច្ចប្រជុំលំដាប់អន្តរជាតិ Black Swan Summit ក្នុងឱកាសដែលកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូននៅខែវិច្ឆិកាខាងមុខ។
លោកស្រីបញ្ជាក់ថា កិច្ចប្រជុំអមនេះនឹងក្លាយជាវេទិកាសម្រាប់ចែករំលែកបទពិសោធ និងបង្ហាញនវានុវត្តន៍ក្នុងប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា ព្រមទាំងផ្តល់ឱកាសដល់ភ្ញៀវអន្តរជាតិបានសាកល្បងប្រើប្រាស់សេវាទូទាត់ឌីជីថលរបស់កម្ពុជាផងដែរ។
លោកស្រី និងលោក Donald Ong ក៏បានផ្លាស់ប្តូរទស្សនាទានលើការពង្រឹងសុវត្ថិភាពនៃប្រព័ន្ធទូទាត់ឌីជីថល តាមរយៈយន្តការតាមដាន និងទប់ស្កាត់ការក្លែងបន្លំ ព្រមទាំងបង្ការហានិភ័យនានា ដើម្បីបង្កើនសុវត្ថិភាព និងទំនុកចិត្ត ស្របពេលដែលការប្រើប្រាស់ការទូទាត់ឌីជីថលកំពុងកើនឡើង។