ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ជួបជាមួយក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa ដើម្បីពិភាក្សាលើការស្វែងរកឱកាសថ្មីៗក្នុងការពង្រីកកិច្ចសហការ ការពង្រឹងសុវត្ថិភាពនៃការទូទាត់ឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូ តូចនិងមធ្យម។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ រវាងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយលោកស្រី Ana Vasconcellos អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍។
បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា កិច្ចពិភាក្សាបានផ្លាស់ប្តូរទស្សនាទានអំពីវឌ្ឍនភាពនៃកិច្ចសហការកន្លងមក ការស្វែងរកឱកាសថ្មីៗក្នុងការពង្រីកកិច្ចសហការ ការពង្រឹងសុវត្ថិភាពនៃការទូទាត់ឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូ តូចនិងមធ្យម។
ពាក់ព័ន្ធនឹងសុវត្ថិភាពប្រតិបត្តិការ លោកស្រី Ana បានលើកឡើងពីសមត្ថភាពនិងដំណោះស្រាយបច្ចេកវិទ្យាក្នុងការរកឃើញប្រតិបត្តិការសង្ស័យ និងហានិភ័យនៃការក្លែងបន្លំ ដែលអាចគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តលើការទូទាត់ឌីជីថល។
ក្នុងជំនួបនេះ លោកស្រី ជា សិរី ក៏បានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ជាពិសេសការពង្រីកការតភ្ជាប់ឆ្លងដែន និងបានមានប្រសាសន៍ពីគម្រោងរៀបចំកិច្ចប្រជុំលំដាប់អន្តរជាតិ Black Swan Summit នៅខែវិច្ឆិកាខាងមុខ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន។
លោកស្រីបញ្ជាក់ថា កិច្ចប្រជុំនេះនឹងក្លាយជាវេទិកាសម្រាប់ចែករំលែកបទពិសោធ និងបង្ហាញនវានុវត្តន៍ក្នុងប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជាព្រមទាំងផ្តល់ឱកាសដល់ភ្ញៀវអន្តរជាតិបានសាកល្បងប្រើប្រាស់សេវាទូទាត់ឌីជីថលរបស់កម្ពុជាផងដែរ៕