Swift cc time

ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញឱ្យអាម៉េរិកបន្ធូរបន្ថយទណ្ឌកម្ម ថ្នូរនឹងការឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung / រ៉យទ័រ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីជាថ្នូរនឹងការបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលផ្លោងអន្តរទ្វីបរបស់ក្រុងព្យុងយ៉ាង។ លោកបានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយ New York Times ថា ការបន្តទាមទារឱ្យកូរ៉េខាងជើងលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងក្នុងស្ថានភាពបច្ចុប្បន្ន គឺមិនអាចទទួលបានលទ្ធផលនោះឡើយ។

លោក Lee បានលើកឡើងថា ភាពជាប់គាំងបច្ចុប្បន្នមានហានិភ័យខ្ពស់ណាស់ ដោយសារកូរ៉េខាងជើងត្រូវគេវាយតម្លៃថាអាចផលិតអាវុធនុយក្លេអ៊ែរបានពី ១០ ទៅ ២០ គ្រាប់ក្នុងមួយឆ្នាំ។ លោកបានព្រមានថា ប្រសិនបើកូរ៉េខាងជើងប្រមូលផ្តុំអាវុធបានគ្រប់គ្រាន់ ពួកគេអាចនឹងនាំចេញអាវុធទាំងនោះដើម្បីរកប្រាក់ចំណូល ដែលជាហានិភ័យដ៏គ្រោះថ្នាក់បំផុត។ ដូច្នេះ ការសម្រេចបាននូវការផ្អាកអាវុធនុយក្លេអ៊ែរជាមុន គឺជាជំហានដំបូងដើម្បីកសាងទំនុកចិត្ត និងឈានទៅរកការកាត់បន្ថយឃ្លាំងអាវុធនៅពេលក្រោយ។

ការលើកឡើងរបស់លោកបែបនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូង ពីគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរជាអាទិភាព» ទៅជា «សន្តិភាពជាអាទិភាព» ដោយផ្តោតលើការរួមរស់ដោយសន្តិភាព និងការគោរពប្រព័ន្ធដឹកនាំរបស់ក្រុងព្យុងយ៉ាង។ ទោះជាយ៉ាងណា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹង ដោយសារលោក Kim Jong Un បានចាត់ទុកកូរ៉េខាងត្បូងជាប្រទេសអមិត្ត និងបានពង្រឹងការការពារព្រំដែន និងព្រមានថារដ្ឋកូរ៉េខាងជើងមិនអាចខ្វះនុយក្លេអ៊ែរបានឡើយ៕

Khcct banner

អត្ថបទទាក់ទង