ភ្នំពេញ៖ ពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ "យើងទាំងអស់គ្នាដើម្បីទេសចរណ៍" ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ព្រឹត្តិការណ៍នេះ ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីសក្តានុពល និងភាពរស់រវើកនៃវិស័យទេសចរណ៍កម្ពុជាទៅកាន់ភ្ញៀវអន្តរជាតិ។
ថ្លែងនៅក្នុងពិធីបើក "ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦" ក្រោមប្រធានបទ "យើងទាំងអស់គ្នាដើម្បីទេសចរណ៍" នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆាល់ វ៉ាន់ នាយកគ្រប់គ្រង នៃអាកាសយានដ្ឋានអន្តរជាតិតេជោ បានសង្កត់ធ្ងន់ថា ពិព័រណ៍នេះមិនត្រឹមតែជាព្រឹត្តិការណ៍ធម្មតានោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីសក្តានុពល និងភាពរស់រវើកនៃវិស័យទេសចរណ៍កម្ពុជា។ លោកបានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ មិនគ្រាន់តែជាច្រកចេញចូលប្រទេសប៉ុណ្ណោះទេ តែជាចំណុចចាប់ផ្តើមនៃបទពិសោធន៍របស់ភ្ញៀវទេសចរ។
បន្ថែមពីនេះ លោក ឆាល់ វ៉ាន់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយថ្លែងថា "វិស័យទេសចរណ៍មិនអាចរីកចម្រើនដោយស្ថាប័ន ឬអាជីវកម្មណាមួយតែឯងបានឡើយ គឺត្រូវការកិច្ចសហការរួមគ្នារវាងរដ្ឋាភិបាល អាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារទេសចរណ៍ អ្នកវិនិយោគ សហគមន៍មូលដ្ឋាន និងគ្រប់ដៃគូពាក់ព័ន្ធ"។ លោកជឿជាក់ថា ការរួមគ្នានេះនឹងនាំមកនូវបទពិសោធន៍កាន់តែប្រសើរជូនភ្ញៀវទេសចរ ជំរុញឱ្យពួកគេត្រលប់មកកម្ពុជាម្តងហើយម្តងទៀត។
លោក ម៉េង ផល្លា អនុប្រធានសមាគមទេសចរណ៍កម្ពុជា តំណាងឱ្យលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានគូសបញ្ជាក់ថា ការរៀបចំពិព័រណ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិកម្រិត 4F ដ៏ទំនើប គឺជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីមោទនភាពថ្មីរបស់ជាតិ និងជាជំហានដ៏សំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់ពិភពលោក។ លោកបានបន្ថែមថា ពិព័រណ៍នេះគឺជាវេទិកាយុទ្ធសាស្ត្រដ៏មានឥទ្ធិពល ក្នុងការផ្លាស់ប្តូរគំនិតច្នៃប្រឌិត បង្កើតបណ្តាញទំនាក់ទំនងអាជីវកម្ម (B2B) និងបង្ហាញពីភាពសម្បូរបែបនៃសម្បត្តិវប្បធម៌ធម្មជាតិ និងការបដិសណ្ឋារកិច្ចប្រកបដោយស្នាមញញឹមរបស់ប្រជាជនកម្ពុជា ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។
ក្នុងនាមជាស្ពានចម្លងរវាងវិស័យសាធារណៈ និងឯកជន សមាគមទេសចរណ៍កម្ពុជា (CATA) បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ ៣ យ៉ាង ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព៖ ១. ជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងច្នៃប្រឌិត៖ ផ្តោតលើទេសចរណ៍បៃតង ទេសចរណ៍វប្បធម៌ និងទេសចរណ៍ MICE។ ២. ពង្រឹងគុណភាពសេវាកម្ម និងស្តង់ដារសុវត្ថិភាព៖ ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ។ ៣. បង្កើនការផ្សព្វផ្សាយរួមគ្នានៅលើឆាកអន្តរជាតិ៖ តាមរយៈការបង្កើតកម្មវិធីផ្សេងៗ និងទាញយកអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវអាកាសដ៏ទំនើបរបស់កម្ពុជា។ ស្របពេលជាមួយគ្នានេះ សមាគមទេសចរណ៍ CATA ក៏កំពុងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិមកពីជាង ១៧០ ប្រទេស ដែលចូលរួមក្នុងព្រឹត្តិការណ៍ 2026 GX Summit។ ការរៀបចំពិព័រណ៍ទេសចរណ៍នាពេលនេះ បានបង្កើតនូវបរិយាកាសកាន់តែអ៊ូអរ រស់រវើក និងពេញដោយថាមពលបន្ថែមទៀត ក្នុងការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ ដែលបាននិងកំពុងមកដល់កម្ពុជា។
គួរបញ្ជាក់ថា ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីក្រុមហ៊ុនធំៗក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធចំនួន ២៦ ក្រុមហ៊ុន ស្មើនឹង ៣០ ស្តង់។ ស្តង់នីមួយៗមិនត្រឹមតែបង្ហាញពីផលិតផល និងសេវាកម្មប៉ុណ្ណោះទេ តែជាកន្លែងសម្រាប់ភ្ជាប់ទំនាក់ទំនង ចែករំលែកគំនិត និងស្វែងរកឱកាសអាជីវកម្មថ្មីៗ ដើម្បីរួមគ្នាពង្រីកវិស័យទេសចរណ៍កម្ពុជា៕