ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសឱ្យបណ្តាធនាគារ និង គ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាទាំងអស់លើកលែងការប្រាក់ដល់កម្មករ កម្មការិនីខ្មែរដែលខ្ចីបុល ដើម្បីកាត់បន្ថយការលំបាករបស់ពួកគេក្នុងពេលត្រូវព្យួរការងារនាពេលនេះ។
សម្តេចហ៊ុន សែន ប្រកាសដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុងនៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនានេះ។ សម្តេចហ៊ុន សែន ថា ការពន្យាការសងប្រាក់ ក៏ត្រូវតែធ្វើ ហើយការលើកលែងការប្រាក់ដល់កម្មករ ក៏ត្រូវតែធ្វើឡើងជាមួយគ្នានេះផងដែរ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលយល់ពីសុខទុក្ខបងប្អូនកម្មករនិយោជិត នៅក្នុងកាលៈទេសៈដែលពួកគាត់ត្រូវព្យួរការងារ ដោយសារតែរោងចក្រខ្វះវត្ថុធាតុដើម ដែលបណ្ដាលមកពីការផ្ទុះរីករាលដាលជាសកលនៃវីរុស COVID-19។
លោក ប៉ាវ ស៊ីណា ៖ «ក្នុងនាមខ្ញុំ តំណាងឲ្យកម្មករនិយោជិតម្នាក់ ខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបនូវសំណូមពរពីរចំណុចបន្ថែមលើវិធានការរបស់ក្រសួងការងារ។ ទន្ទឹមនឹងនេះ ខ្ញុំក៏ស្នើឲ្យក្រសួងការងារ តាមដានដោយយកចិត្តទុកដាក់ ឲ្យនិយោជកអនុវត្តឲ្យបានពេញលេញនូវសេចក្តីអំពាវនាវរបស់ខ្លួន និងសំណូមពរឲ្យភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជួយបងបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករផង។»
ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាឱ្យលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាឱ្យធ្វើការប្រជុំពិភាក្សាគ្នាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះជូនដល់កម្មករ កម្មការិនីខ្មែរ។ ក្រៅពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានប្រាប់ឱ្យបុរី និងផ្ទះល្វែងនានាធ្វើការពន្យាការសងប្រាក់ដល់កម្មករ កម្មការិនី នៅក្នុងពេលពួកគេកំពុងត្រូវបានព្យួរការងារធ្វើ ដោយសារតែខ្វះវត្ថុធាតុដើម។
សូមបញ្ជាក់ថា ក្រោយពីការណែនាំខាងលើសម្តេចតេជោបានអំពាវនាវ សូមរោងចក្រនានាមេត្តាកុំលុបចោលកិច្ចសន្យាការងារជាមួយកម្មករ កម្មការិនី។ សុំអោយម្ចាស់បុរីលំនៅដ្ឋានទាំងអស់ ដែលរំលួសផ្ទះជាមួយបងប្អូនកម្មករ ត្រូវពន្យាការបង់ និងកុំផ្តាច់កុងត្រានោះអី។សូមអោយអគ្គិសនីកម្ពុជា អនុញ្ញាតអោយកម្មករកម្មការិនីជំពាក់ថ្លៃភ្លើងសិនក្នុងអំឡុងពេលនេះ៕