ភ្នំពេញ៖ រយៈពេល៨ខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៨ ពាន់លានដុល្លារ ពីការនាំចញសម្លៀកបំពាក់ទៅទីផ្សារអន្តរជាតិ កើនឡើងជាង ៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍។
បើតាមរបាយការណ៍ គិតចាប់ពីខែមករា-សីហា ឆ្នាំ២០២៦ ការនាំចេញផលិតផលកាត់ដេរផ្នែកសម្លៀកបំពាក់ពីកម្ពុជាទៅទីផ្សារអន្តរជាតិសម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៨,២ ពាន់លានដុល្លារ ខណៈការនាំចេញក្នុងឆ្នាំ២០២៥ មានត្រឹមប្រមាណ ៧,៧ ពាន់លានដុល្លារ។
ក្រៅពីនេះ មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម។
ចំពោះទីផ្សារនាំចេញ នាំចូល សំខាន់ៗរបស់កម្ពុជារួមមាន ចិន សហរដ្ឋអាម៉េរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ម៉ាឡេស៊ី កាណាដា អេស្ប៉ាញ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ចក្រភពអង់គ្លេស អាឡឺម៉ង់ ជាដើម។ល៕