ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ ពោលគិតចាប់ពីខែមករា-សីហា ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ១២,៩ ពាន់លានដុល្លារ កើនឡើង ១៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ រយៈពេល៨ខែ ឆ្នាំ២០២៦ កម្ពុជានាំចេញទៅទីផ្សារអាស៊ាន ក្នុងទឹកប្រាក់ប្រមាណជាង ៣,៨ ពាន់លានដុល្លារ ធ្លាក់ចុះ ២.៧៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ហើយនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៩ ពាន់លានដុល្លារ កើនឡើង ២៩.៨៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម។
ចំណែកមុខទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិមានដូចជា៖ វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ គ្រឿងឧបភោគបរិភោគ យានយន្ត និងគ្រឿងចក្រ សារធាតុគីមី ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក និងសម្ភារសំណង់ ជាដើម៕