ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីបើក «2026 KONNECT Festival» ដើម្បីពង្រឹងការតភ្ជាប់ធុរកិច្ច និងភាពជាដៃគូកម្ពុជា-កូរ៉េ ជាពិសេសជំរុញការផ្គូផ្គងធុរកិច្ច ពង្រឹងការតភ្ជាប់រវាងអាជីវកម្ម និងអ្នកប្រើប្រាស់ ព្រមទាំងលើកកម្ពស់ការចូលរួមចំណែកក្នុងសកម្មភាពសង្គម។ នេះបើតាមសេចក្តីប្រកាសរបស់សមាគមឧកញ៉ាកម្ពុជា។
ដោយអនុវត្តតាមការណែនាំរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែកញ្ញា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់តាំង អ្នកឧកញ៉ា អ៊ឹង លីហេង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូសមាគម ចូលរួមពិធីបើក «2026 KONNECT Festival» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅប៊ូយ៉ុង ថោន រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីធុរជន សហគ្រិន និងតំណាងស្ថាប័នកម្ពុជា–កូរ៉េ។
ព្រឹត្តិការណ៍ «2026 KONNECT Festival» ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សកម្មភាពធុរកិច្ច ជំរុញការផ្គូផ្គងធុរកិច្ច ពង្រឹងការតភ្ជាប់រវាងអាជីវកម្ម និងអ្នកប្រើប្រាស់ ព្រមទាំងលើកកម្ពស់ការចូលរួមចំណែកក្នុងសកម្មភាពសង្គម។
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន សហគ្រិន និងស្ថាប័ននានារបស់កម្ពុជា និងកូរ៉េ បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ផ្លាស់ប្តូរបទពិសោធន៍ ណែនាំផលិតផល និងសេវាកម្ម ព្រមទាំងស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការបង្កើត និងពង្រឹងទំនាក់ទំនងធុរកិច្ចប្រកបដោយចីរភាព។
ព្រឹត្តិការណ៍នេះ ត្រូវបានសហការរៀបចំដោយ សមាគម KEBAC និង YNEXR Creative ក្រោមការគាំទ្រពីស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយមានការតាំងបង្ហាញផលិតផល និងសេវាកម្ម ការណែនាំម្ហូបអាហារ វប្បធម៌ ព្រមទាំងសកម្មភាពចម្រុះនានា ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ និងការតភ្ជាប់រវាងប្រជាជន និងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ បានរួមចំណែកពង្រឹងការតភ្ជាប់រវាងវិស័យឯកជនកម្ពុជា និងកូរ៉េ ព្រមទាំងបង្កើតឱកាសសម្រាប់ការពង្រីកបណ្តាញធុរកិច្ច ការផ្គូផ្គងដៃគូ និងការស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ។
សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួម និងគាំទ្រសកម្មភាពដែលជំរុញការតភ្ជាប់វិស័យឯកជន ពង្រឹងភាពជាដៃគូធុរកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា–កូរ៉េ ដើម្បីរួមចំណែកបង្កើតកាលានុវត្តភាពធុរកិច្ច និងវិនិយោគថ្មីៗ ប្រកបដោយផលប្រយោជន៍ទៅវិញទៅមក និងចីរភាព៕