ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីប្រកាសដាក់ឲ្យអនុវត្ត«យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» និងដាក់ឲ្យប្រើប្រាស់សៀវភៅមុខម្ហូបដែលមានឈ្មោះថាThe «Taste of ANGKOR» ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
បើតាមឯកឧត្តម ប្រាក់ សាខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងក្នុងសុន្ទកថាក្រសួងការបរទេសបានប្តេជ្ញារៀបចំតាក់តែងនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ និងដើម្បីជាត្រីវិស័យក្នុងការពង្រឹងប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទានពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍ជាតិ និងអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថាយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ នឹងផ្តោតទៅគោលដៅ ០៤ធំៗ រួមមាន៖ ១) ការជំរុញពាណិជ្ជកម្មអន្តរជាតិ ២) ការទាក់ទាញ ការវិនិយោគទុនផ្ទាល់ពីក្រៅប្រទេស ៣) ការលើកកម្ពស់វិស័យទេសចរណ៍ និង ៤) ការជម្រុញការផ្លាស់ប្តូរវប្បធម៌ (រួមទាំងការផ្សព្វផ្សាយពីមុខម្ហូមខ្មែរផងដែរ)។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ដើម្បីធានាអនុវត្តសម្រេចដោយជោគជ័យនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួងស្ថាប័នជំនាញ និងភាគីពាក់ព័ន្ធនានា នឹងបង្កើនការគាំទ្រដល់ការអនុវត្តឯកសារយុទ្ធសាស្រ្តនេះ ពោលគឺជំរុញ និងពង្រីកផលប្រយោជន៍សេដ្ឋកិច្ចជាតិ៕
