Swift cc time

កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួល«ទីផ្សារទេសចរណ៍រុស្ស៊ី» និងការបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម វិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលទីផ្សារទេសចរណ៍រុស្ស៊ី និងនាំកម្ពុជាទៅកាន់ទីផ្សាររុស្ស៊ីឱ្យកាន់តែខ្លាំងនៅចុងឆ្នាំនេះ និងក្នុងឆ្នាំ២០២៧ ជាពិសេសលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ។ នេះជាប្រសាសន៍របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពិធីបើក «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សាររុស្ស៊ី» នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

លោក ហួត ហាក់ បានមានប្រសាសន៍ថា ទីផ្សាររុស្ស៊ី គឺជាទីផ្សារគោលដៅមួយដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងត្រូវបម្លែងសក្តានុពល ឱ្យទៅជាលំហូរទេសចរណ៍ជាក់ស្តែងមកកម្ពុជា។ ក្នុងន័យនេះ ការដាក់ចេញកម្មវិធី «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» នៅថ្ងៃនេះ គឺជាការប្រែក្លាយការតម្រង់ទិសរបស់រាជរដ្ឋាភិបាល ទៅជាសកម្មភាពជាក់ស្តែង ក្នុងការពង្រីក និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ មានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់។

លោកបានគូសរំលេចបន្ថែមថា «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» នឹងក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពមួយ ក្នុងការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ, ពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម វិនិយោគ, ជាពិសេស កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី, ដែលចូលរួមនៅក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងកម្ពុជា និងរុស្ស៊ី។

គួរបញ្ជាក់ថា កម្ពុជានិងសហព័ន្ធរុស្ស៊ី បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៥៦ ហើយនៅឆ្នាំ២០២៦នេះ ប្រទេសទាំងពីរកំពុងប្រារព្ធខួប៧០ឆ្នាំ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរីកចម្រើនជាបន្តបន្ទាប់លើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍៕


Khcct banner

អត្ថបទទាក់ទង