ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គភាពសេវាការងារនិងមុខរបរ (Korean Labor and Employment Service - KLES) នៃក្រសួងការងារកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដើម្បីពង្រីកឱកាសទាក់ទាញវិនិយោគិនបរទេស ជាពិសេស វិនិយោគិនកូរ៉េ មកបណ្ដាក់ទុនវិនយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ការប្ដេជ្ញានេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ផាក ជុងភីល (Park Jong-pill) អគ្គលេខាធិការអង្គភាព KLES នៃក្រសួងការងារកូរ៉េ។
លោកស្រី សុវណ្ណ វណ្ណារតន៍ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង និង KLES នាពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា តាមរយៈអនុសាសន៍គោលនយោបាយពាក់ព័ន្ធនឹងយន្តការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ និងប្រព័ន្ធអធិការកិច្ចការងារ។
ដើម្បីឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃពិភពការងារ និងបរិការណ៍សេដ្ឋកិច្ចសកល ព្រមទាំងឥទ្ធិពលនៃបរិវត្តកម្មឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) ការអនុវត្ត MoU ខាងលើនឹងបន្តផ្តោតលើការទាញយកផលប្រយោជន៍ពីបរិវត្តកម្មឌីជីថលក្នុងការអភិវឌ្ឍវិស័យការងារ ជាពិសេស ការពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារការងារ យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ និងការធ្វើអធិការកិច្ចការងារ។
ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកបទពិសោធ ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ព្រមទាំងគាំទ្រការផ្សព្វផ្សាយអំពីអនុលោមភាពការងារ ដើម្បីពង្រីកឱកាសទាក់ទាញវិនិយោគិនបរទេស ជាពិសេស វិនិយោគិនកូរ៉េ។
ភាគីកូរ៉េ ជឿជាក់ថា ការអនុវត្ត MoU នេះ នឹងបង្កើននូវភាពទាក់ទាញរបស់កម្ពុជាចំពោះវិនិយោគិនកូរ៉េ ដែលនឹងផ្ដល់អត្ថប្រយោជន៍រួមដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕