Swift cc time

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកបណ្ដោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល ប្រកាសផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ជូនអ្នកប្រើប្រាស់អគ្គិសនីនៅកម្ពុជាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។ ការផ្អាកនេះ ធ្វើឡើងខណៈនាពេលបច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជាមានក្រុមហ៊ុនចំនួន ៦៨ ដែលទទួលបានការអនុញ្ញាត និងអាចឆ្លើយតបនឹងតម្រូវការបានគ្រប់គ្រាន់។

បើតាមសេចក្តីប្រកាស ក្រសួងបានផ្ដល់លិខិតអនុញ្ញាតដល់ក្រុមហ៊ុនផ្ដល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលបានចំនួន ៦៨ ក្រុមហ៊ុនរួច ហើយក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណពីអាជ្ញាធរអគ្គិសនីកម្ពុជាចំនួន ៥៨ ក្រុមហ៊ុន សម្រាប់ធ្វើ សកម្មភាពស្របតាមបទប្បញ្ញត្តិជាធរមាន។ ផ្អែកលើស្ថានភាពនៃការអនុវត្តគោល់ការណ៍ខាងលើ និងតម្រូវការផ្ដល់ សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនាពេលបច្ចុប្បន្ននេះ ក្រសួងពិនិត្យឃើញថា ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចហើយ មានចំនួនគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរួចដែរ។

ដូច្នេះ ដើម្បីទុកពេលវេលាសម្រាប់ការតាមដាន និងវាយតម្លៃការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនដែលទទួលបាន ការអនុញ្ញាតរួច ព្រមទាំងពិនិត្យឡើងវិញនូវតម្រូវការជាក់ស្ដែងសម្រាប់ការផ្តល់សេវាកម្មខាងលើនេះ ក្រសួងរ៉ែនិងថាមពល សម្រេចផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីដល់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។

ជាមួយគ្នានេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចហើយ ត្រូវអនុវត្តការងារដំឡើងដោយផ្ទាល់ ដោយមិន ឬប្រគល់ការទទួលខុសត្រូវលើការងាររបស់ខ្លួនឱ្យទៅក្រុមហ៊ុន ឬបុគ្គលដទៃដែលពុំមានការអនុញ្ញាតឡើយ ព្រមទាំងមិនត្រូវផ្សព្វផ្សាយព័ត៌មានបំភាន់ ឬបញ្ចុះបញ្ចូលអតិថិជនឱ្យដំឡើងប្រព័ន្ធលើសពីតម្រូវការ ជាក់ស្ដែងនោះទេ។

ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នឹងសហការគ្នាចុះត្រួតពិនិត្យ តាមដាននិង វាយតម្លៃជាក់ស្ដែងលើការអនុវត្តការងាររបស់ក្រុមហ៊ុនទាំងនោះ តាមការចាំបាច់។ ក្នុងករណីរកឃើញថា ក្រុមហ៊ុនណាមួយមិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ស្តង់ដាបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន ក្រុមហ៊ុនទាំងនោះនឹងត្រូវប្រឈម នូវការព្យួរ ឬដកហូតអាជ្ញាបណ្ណ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់៕

Khcct banner

អត្ថបទទាក់ទង