Swift cc time

ក្រុមហ៊ុនវិនិយោគរដ្ឋដ៏ធំមួយរបស់ខេត្តហឺណាន ចាប់អារម្មណ៍យ៉ាងខ្លាំងលើការអភិវឌ្ឍវិស័យសំខាន់ៗចំនួន ៣ នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគរដ្ឋដ៏ធំមួយរបស់ខេត្តហឺណាន ដែលមានឈ្មោះថា Henan Airport Investment Group Co., Ltd. កំពុងបន្តទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើការអភិវឌ្ឍ លើវិស័យអាទិភាពធំៗចំនួន៣ នៅកម្ពុជារួមមាន វិស័យផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់, វិស័យថាមពលកកើតឡើងវិញ និងថាមពលពន្លឺព្រះអាទិត្យ, និង វិស័យកសិកម្មឆ្លាតវៃដោយប្រើប្រាស់បច្ចេកវិទ្យា AI ។ នេះជាប្រសាសន៍របស់លោក Bai Dongzhan ប្រធានសម្ព័ន្ធក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានហឺណាន ដែលត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះ។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកជើងហោះហើរត្រង់បន្ថែមទៀត ព្រមទាំងបន្តវិនិយោគបន្ថែមលើវិស័យអាកាសចរណ៍នៅកម្ពុជា ជាមួយក្រុមហ៊ុន Air Cambodia ដើម្បីជំរុញការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

ឆ្លៀតក្នុងឱកាសនោះ លោក Bai Dongzhan បានលើកឡើងថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានានៅពេលនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់លោក ស៊ុន ចាន់ថុល កាលពីខែមីនា ឆ្នាំ២០២៥ កន្លងទៅ ក្នុងឱកាសដែលលោកបានអញ្ជើញទៅទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុន នៅទីក្រុង Zhengzhou នៃខេត្ត Henan។ លោកបញ្ជាក់បន្ថែមថា ក្រុមហ៊ុនវិនិយោគរដ្ឋដ៏ធំរបស់ខេត្តហឺណានមួយនេះ កំពុងបន្តទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើការអភិវឌ្ឍ លើវិស័យអាទិភាពធំៗចំនួន៣ រួមមាន៖ 1. វិស័យផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ 2. វិស័យថាមពលកកើតឡើងវិញ និងថាមពលពន្លឺព្រះអាទិត្យ 3. វិស័យកសិកម្មឆ្លាតវៃដោយប្រើប្រាស់បច្ចេកវិទ្យា AI ។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបន្តសម្របសម្រួល និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជូនក្រុមហ៊ុន ដើម្បីធានាថាក្រុមហ៊ុនអាចសម្រេចចិត្តវិនិយោគជាក់ស្តែងនៅកម្ពុជានាពេលខាងមុខ៕


Khcct banner

អត្ថបទទាក់ទង