Swift cc time

សម្ដេច ហ៊ុន ម៉ាណែត៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើភាពធន់ មិនមែនតែចំនួនរោងចក្រដែលបើកដំណើរការនោះឡើយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ភាពជោគជ័យនៃវិស័យឧស្សាហកម្ម មិនមែនអាស្រ័យទៅលើការវាស់វែងតែលើចំនួនរោងចក្រដែលបានបើកដំណើរការនោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពរស់រាន ការរីកចម្រើន ភាពធន់ និងចីរភាពរបស់រោងចក្រទាំងនោះ។ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

នាឱកាសនេះ សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃវិស័យឧស្សាហកម្ម មិនមែនអាស្រ័យទៅលើការវាស់វែងតែលើចំនួនរោងចក្រដែលបានបើកដំណើរការនោះទេ ប៉ុន្តែ ស្ថិតនៅលើសមត្ថភាពរស់រាន រីកចម្រើន, ភាពធន់ និងចីរភាពរបស់រោងចក្រទាំងនោះ។ ក្នុងន័យនេះ សម្តេច បានណែនាំដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យលើការរក្សានូវតុល្យភាព និងសមាមាត្ររវាងតម្រូវការទីផ្សារក្នុងស្រុក និងចំនួនរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងគោលដៅធានាដល់ការរីកចម្រើននៃរោងចក្រដែលមានស្រាប់ ដែលជាការធានានូវបរិស្ថានវិនិយោគ និងការរក្សាទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះកម្ពុជា។

សម្ដេចបន្ថែមថា ការដាក់ចេញគោលនយោបាយ និងការអនុគ្រោះពន្ធនានា គឺសំដៅគាំទ្រដល់ «វិស័យទាំងមូល» មិនមែនផ្តល់ការអនុគ្រោះដោយឡែកសម្រាប់ក្រុមហ៊ុនណាមួយនោះឡើយ និងសំដៅធានាបរិយាកាសធុរកិច្ចដែលមានតម្លាភាព, យុត្តិធម៌ និងការប្រកួតប្រជែងស្មើភាព។

សម្ដេចបានលើកឡើងពីទិសដៅជំរុញ «ឧស្សាហកម្មប្រតិគមន៍ (backward linkages)» ដោយរាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្ត ដើម្បីជំរុញឱ្យក្រុមហ៊ុនផ្គុំដំឡើងរថយន្តធំៗ ភ្ជាប់កិច្ចសហការជាមួយសហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងស្រុក ក្នុងការផលិតគ្រឿងបង្គុំរថយន្តផ្សេងៗ សំដៅកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងជំរុញឱ្យកម្ពុជាក្លាយជាចំណែកមួយនៃខ្សែច្រវាក់ផលិតកម្មយានយន្តក្នុងតំបន់អាស៊ាន តាមអភិក្រម «ផ្គុំដំឡើង, ផលិតគ្រឿងបង្គុំ, បង្កើតជំនាញវិស្វកម្ម, អភិវឌ្ឍបច្ចេកវិទ្យា និងនាំចេញ»។

ជាមួយគ្នានេះ សម្ដេចបានចាត់ទុកការវិនិយោគលើវិស័យនេះ គឺជាមោទនភាពជាតិ និងជាការផ្ទេរបច្ចេកវិទ្យាជាក់ស្តែងដល់ធនធានមនុស្សកម្ពុជា ក្នុងការទទួលបាននូវចំណេះដឹង, ជំនាញ និងបទពិសោធន៍លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ៕


Khcct banner

អត្ថបទទាក់ទង