សិង្ហបុរី៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា គឺជាមេទ័ពការទូតកម្ពុជា បានថ្លែងការណ៍បើក ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) ហើយក្នុងសេចក្តីថ្លែងការណ៍នោះ លោកបានប្រើប្រាស់ទេពកោសល្យផ្នែកការទូតរបស់លោក ដើម្បីថ្លែងរម្លឹកពីរឿងរ៉ាវនៃរបស់ប្រទេសកម្ពុជា តាំងពី «អាណាចក្រខ្មែរ» តែកម្ពុជាត្រូវរងការឈ្លានពាន និងសង្គ្រាមផ្ទៃក្នុង។
ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចាប់ផ្តើមដោយបានរម្លឹកឡើងវិញ ពីអារ្យធម៌ដ៏អស្ចារ្យរបស់កម្ពុជា កាលពីអាណាចក្រខ្មែរ។អាណាចក្រខ្មែរ ដែលមានប្រវត្តិយូរលង់តាំងពីសតវត្សរ៍ទី៩ គឺជាអារ្យធម៌ដ៏អស្ចារ្យមួយនៅក្នុង តំបន់អាស៊ីអាគ្នេយ៍។លោកថា កេរដំណែលដ៏យូរអង្វែងរបស់អាណាចក្រនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រាង្គ ប្រាសាទទាំងឡាយដូចជា ប្រាសាទអង្គរវត្ត និង ប្រាសាទព្រះវិហារ ដែលសុទ្ធតែត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ព្រមទាំងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជា រួមមានដូច ជា របាំ ល្ខោន តន្ត្រី និងក្បាច់គុន ដែលមួយចំនួនធំនៃប្រពៃណីទាំងនោះត្រូវបានទទួលស្គាល់ថាជា បេតិកភណ្ឌវប្បធម៌អរូបីរបស់ពិភពលោក។
ក្នុងអាណាព្យាបាលបារាំង ក្នុងលោក ប្រាក់ សុខុន ពន្យល់ថា ព្រំដែនទឹក ដីសម័យទំនើបរបស់កម្ពុជា ត្រូវបានកំណត់ឡើងតាមរយៈសន្ធិសញ្ញា និងផែនទី រៀបចំឡើង ជាបន្តបន្ទាប់ ក្នុងនោះរួមមានអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ព្រមទាំងផែនទីផលិតដោយអនុលោមតាមឯកសារទាំងនេះ ដែលកំណត់ព្រំដែនគោករបស់កម្ពុជា ជា មួយប្រទេសថៃ។
លោក ប្រាក់ សុខុន ថ្លែងថា "ក្រោយកម្ពុជាទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៣ កម្ពុជាដំបូងឡើយរស់នៅដោយ រីករាយក្នុងសន្តិភាព និងភាពសម្បូរសប្បាយរុងរឿង។ ប៉ុន្តែស្ថានភាពនេះ ត្រូវបានបំផ្លាញដោយការរីក រាលដាលនៃជម្លោះក្នុងតំបន់នៅទសវត្សរ៍១៩៦០ និង១៩៧០ ដោយបានរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរពីលើអាកាស ហើយពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ របបខ្មែរក្រហមបាន បង្កសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងសតវត្សរ៍ទី២០ ដោយបានឆក់យកជីវិតប្រជាជនប្រហែល មួយភាគបួននៃចំនួនប្រជាជនសរុប និង បានបំផ្លិចបំផ្លាញខ្ទេចខ្ទីនូវស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា រចនាសម្ព័ន្ធសង្គមរបស់ប្រទេសជាតិ"។
លោកថា កម្ពុជាបានចាប់ផ្តើមកសាងប្រទេសឡើងវិញយ៉ាងសកម្ម បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសឆ្នាំ១៩៩១ និងដំណើរការស្វែងរកសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រទេសមានការអភិវឌ្ឍតិចតួចបំផុតមួយលើលោក កម្ពុជាដែលទើបតែងើបចេញពីជម្លោះ និង ភាពឯកោអស់ពេលជាច្រើនទសវត្សរ៍ ត្រូវប្រឈមមុខនឹងភារកិច្ចដ៏ធំធេងក្នុងការកសាងឡើង វិញនូវសេដ្ឋកិច្ច ស្ថាប័ន និងសង្គមជាតិ។
បញ្ហាជាមួយថៃ លោក ប្រាក់ សុខុន បានពន្យល់ថា ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ ១៩៩០ កម្ពុជាបានព្យាយាមដោះស្រាយបញ្ហាព្រំដែន សមុទ្រជាមួយថៃ ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ធនធានចាំបាច់ សម្រាប់ជំរុញកំណើនឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ហើយដើម្បីសម្រេចបាននូវគោលបំណងនេះ កម្ពុជានិងថៃបានចាប់ផ្តើមការ ពិភាក្សាគ្នាអំពីព្រំដែនសមុទ្រនៃប្រទេសទាំងពីរ ក្នុងខែមេសា ឆ្នាំ១៩៩៥។
មកដល់ឆ្នាំ២០០១ រដ្ឋទាំងពីរបានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តី ពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ។ អនុស្សរណៈនេះ បានឆ្លុះបញ្ចាំងអំពីការ ប្តេជ្ញាចិត្តរួមគ្នាក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនសមុទ្រ និងការអភិវឌ្ឍ ធនធានដើម្បីផលប្រយោជន៍ទៅវិញទៅមក។តែនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ ថៃបានប្រកាសជាសាធារណៈអំពីការលុបចោល ដោយឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ បើទោះបីជាមានការអំពាវនាវជាបន្ត បន្ទាប់ពីសំណាក់ប្រទេសកម្ពុជាសុំឱ្យថៃគោរពអនុស្សរណៈនេះក៏ដោយ។
កម្ពុជាជម្រើសនៃដំណោះស្រាយដោយសន្តិវិធី ដែលខ្លួនមានស្របតាមច្បាប់អន្តរជាតិ ។ ឈរលើមូលដ្ឋាននៃ ការប្តេជ្ញាចិត្តគោរពគោលការណ៍នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី កម្ពុជាបានសម្រេចយក ជម្រើសផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។
លោក ប្រាក់ សុខុន ថ្លែងថា " ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងស្ថាប័ននានាដែលលើកកម្ពស់ គោលការណ៍ទាំងនេះ បានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា។ ការដែលយើងស្វែង រកដំណោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើ ស្ថាប័នអន្តរជាតិ ក្នុងនាមជាយន្តការដោះស្រាយវិវាទដ៏ស្មុគស្មាញរវាងរដ្ឋនានា ដោយសន្តិវិធី និងស្រប តាមច្បាប់អន្តរជាតិ។"
បទពិសោធន៍នេះ លោក បានបង្ហាញថា បញ្ហាសំខាន់បំផុតសម្រាប់ជាតិ អាចដោះស្រាយបានតាម សន្តិវិធី និងតាមយន្តការពហុភាគី ជាជាងតាមការប្រើប្រាស់កម្លាំង ហើយក្របខ័ណ្ឌអន្តរជាតិអាចផ្តល់ មូលដ្ឋានគ្រឹះដ៏រឹងមាំនិងចីរកាល សម្រាប់ឱ្យរដ្ឋជិតខាងគ្នាដោះស្រាយទំនាស់របស់ខ្លួន។
ទាក់ទងទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់ កាលដ៏លំបាក។ លោកសង្ឃឹមថា គណៈកម្មការផ្សះផ្សាអាចជួយភាគីទាំងពីរក្នុងការបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ភាគីទាំងពីរ។លោកមានទំនុកចិត្តថា គណៈកម្មការផ្សះផ្សា ជាមួយនឹងសមាសភាពដ៏ឧត្តុង្គឧត្តម មានសមត្ថ ភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃ ឱ្យសម្រេចបាននូវលទ្ធផលស្រដៀងគ្នានេះដែរ ពោលគឺ លទ្ធផលដែលនាំមកនូវ សន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់៕
【វីដេអូ】លោកប្រាក់ សុខុន ថ្លែងបើក UNCLOS រម្លឹកពីភាពអស្ចារ្យនៃអាណាចខ្មែរ នៅចំពោះមុខថៃ និងការរងគ្រោះដោយសង្គ្រាមជាបន្តបន្ទាប់
..