ភ្នំពេញ៖ គណៈប្រតិភូកម្ពុជា និងក្រុមច្បាប់ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ បានធ្វើដំណើរចាកចេញពីកម្ពុជាហើយ ដើម្បី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើជាភ្នាក់ងារតំណាងឱ្យកម្ពុជា ព្រមទាំងដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់របស់កម្ពុជាមាន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងចូលរួមក្នុងឋានៈជាភ្នាក់ងាររង។
គួរបញ្ជាក់ថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងប្រព្រឹត្តទៅពីថ្ងៃទី ១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ជាកិច្ចប្រជុំ ដោយបើកផ្លូវថ្មីមួយតាមយន្តការច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាដ៏រ៉ាំរ៉ៃរវាងប្រទេសទាំងពីរ។
តាមផែនការ ក្រោយប្រជុំចប់ភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍បើកនៅថ្ងៃទី ១៥ ខែកញ្ញា វេលាម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា ឬម៉ោង៩ព្រឹក ម៉ោងនៅសិង្ហបុរី។ កម្មវិធីនេះនឹងបើកជាសាធារណៈ និងផ្សាយផ្ទាល់ជាភាសាខ្មែរ អង់គ្លេស និងថៃ ហើយកិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងដំណើរការដោយសន្តិវិធី ដែលផ្តួចផ្តើមដោយកម្ពុជា ដើម្បីដោះស្រាយភាពខុសគ្នាផ្នែកដែនសមុទ្ររវាងប្រទេសទាំងពីរ។នេះបើយោងតាមក្រសួងការបរទេស។
គួរបញ្ជាក់ថា គណៈកម្មការផ្សះផ្សាមានសមាជិក ៥ រូប ដឹកនាំដោយលោកស្រី Katrina Cooper នៃប្រទេសអូស្ត្រាលី ជាប្រធាន រួមជាមួយសមាជិកមកពីដាណឺម៉ាក បារាំង អាហ្វ្រិកខាងត្បូង និងអាល្លឺម៉ង់។ ដោយមានការយល់ព្រមពីភាគីទាំងពីរ PCA ដើរតួនាទីជា Registry សម្រាប់នីតិវិធីនេះ។
នីតិវិធីសម្រុះសម្រួលកម្ពុជា–ថៃ ក្រោម UNCLOS បានចូលដល់ដំណាក់កាលកិច្ចប្រជុំជាមួយភាគីទាំងពីរហើយ។ នេះជាយន្តការដោះស្រាយវិវាទដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ដែលគណៈកម្មការអព្យាក្រឹតអាចស្តាប់ភាគីទាំងពីរ ពិនិត្យបញ្ហាផ្នែកច្បាប់ និងអង្គហេតុ ស្វែងរកចំណុចដែលអាចឯកភាពគ្នា និងដាក់សំណើ ឬអនុសាសន៍សម្រាប់ដំណោះស្រាយដោយសន្តិវិធី៕