ភ្នំពេញ៖លោក ឡេង ណាវ៉ាត់ត្រា ពាណិជ្ជករល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជា បានប្រកាសបដិសេធព័ត៌មានមិនពិតដែលបានលើកឡើងថា «មានប្រជាពលរដ្ឋរងគ្រោះដល់ទៅ ៣៨,០០០ គ្រួសារ» ដែលោកថា គឺជារឿងមិនពិតទាំងស្រុង ហើយ ធាតុពិត ក្រុមហ៊ុនដូចជាអ្នករងគ្រោះបន្ត និងត្រូវរ៉ាប់រងបន្ទុកបំណុលរាប់សិបលានដុល្លារដោយសារអតិថិជនមិនគោរពកិច្ចសន្យាបង់ប្រាក់។
យោងតាមបណ្តាញសង្គមផ្លូវការ លោក ឡេង ណាវ៉ាត់ត្រា បានគូសបញ្ជាក់ថា បុរីឡេង ណាវ៉ាត្រាបានធ្វើការផ្ទៀងផ្ទាត់ និងបានពិនិត្យឃើញថា ក្រុមអតិថិជនបង់ផ្ដាច់ ទិន្នន័យពិតប្រាកដ៖ មានចំនួន ១៥,៣៣៥ ប័ណ្ណគឺជាគម្រោងដែលក្រុមហ៊ុនបានបំបែកក្បាលដីបញ្ចប់ និងប្រគល់ជូនអតិថិជនរួចរាល់។ ក្រុមអតិថិជនបង់រំលស់ និងដីដែលនៅសល់៖ មានចំនួន ១៦,៩២៥ ប្លង់ (ជិត ២ម៉ឺនឡូត៍) ជាក្រុមអតិថិជនដែលគ្មានលទ្ធភាពបង់បន្ត និងបានខកខានបង់ប្រាក់ចន្លោះពី ១ ទៅ ៤ឆ្នាំមកហើយ។
បើតាមលោក ឡេង ណាវ៉ាត់ត្រា បន្តថា ភាគច្រើនជាដីឡូត៍ប្រាក់បំណុលអតិថិជនជំពាក់សរុបចំនួន (៦១ លានដុល្លារ) ភាគច្រើនជាដីឡូតិ៍ គម្រោងតាមបណ្ដាខេត្ត ខេត្តបន្ទាយមានជ័យ ស្រុកម៉ាឡៃ សៀមរាប និងខេត្តផ្សេងទៀត ...ដោយដីមានប្លង់រឹងត្រឹមត្រូវ និងបានបោះបង្គោលរួចរាល់។លោកថា បច្ចុប្បន្នប្លង់ទាំងនេះ កំពុងតម្កល់ទុកនៅក្រុមហ៊ុន និងក្រសួងដើម្បីរង់ចាំអតិថិជនមកដោះស្រាយ និងបង់ប្រាក់។
លោកសរសេរថា "យើងខ្ញុំនឹងផ្ទៀងផ្ទាត់ ដើម្បីធ្វើការជូនដំណឹងទៅអតិថិជនដោយសារក្រុមហ៊ុនបានអនុគ្រោះ និងយោគយល់ច្រើនឆ្នាំហើយ។ករណីទាក់ទងមិនបាន ឬអតិថិជនមិនមកបង់បន្តក្រុមហ៊ុន និងប្រគល់ជូនក្រសួង ធ្វើការឡៃឡុងដើម្បីយកមកដោះស្រាយជូនអតិថិជនដែលបានបង់ផ្ដាច់"។
ជាមួយគ្នានោះ លោកបានបដិសេធព័ត៌មានមិនពិត៖ការលើកឡើងថា «មានប្រជាពលរដ្ឋរងគ្រោះដល់ទៅ ៣៨,០០០ គ្រួសារ» គឺជារឿងមិនពិតទាំងស្រុង! ធាតុពិត ក្រុមហ៊ុនដូចជាអ្នករងគ្រោះបន្ត និងត្រូវរ៉ាប់រងបន្ទុកបំណុលរាប់សិបលានដុល្លារដោយសារអតិថិជនមិនគោរពកិច្ចសន្យាបង់ប្រាក់។
ទាក់ទងកិច្ចអន្តរាគមន៍របស់ក្រសួងវិញ លោក ឡេង ណាវ៉ាត់ត្រា ពន្យល់ថា ក្រសួងកំពុងរៀបចំនីតិវិធីបំបែកក្បាលដីចំនួន ៤,៧៩២ ប័ណ្ណ។ចំពោះដីដែលនៅសល់ត្រូវបំបែកក្រសួងកំពុងសម្របសម្រួលដោះស្រាយមានត្រឹមតែ (១,៩០៧) ឡូត៍ ប៉ុណ្ណោះ។ក្រសួងលោកជួយសម្របសម្រួលបានពន្លឿនការបំបែកប័ណ្ណ និងផ្ទេរកម្មសិទ្ធិជូនអតិថិជនដោយមិនគិតថ្លៃសេវាដែលនេះជាឧត្តមប្រយោជន៍របស់អតិថិជន។
ជាថ្មីម្តងទៀត លោក ឡេង ណាវ៉ាត់ត្រា អះអាងថា ការលើកឡើងអំពីតួលេខ ៣៨,០០០ ឡូត៍(គ្រួសា) ថាជាជនរងគ្រោះមិនមែននោះទេ។ ផ្ទុយទៅវិញ នេះជាកិច្ចខិតខំប្រឹងប្រែង និងការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពីក្រសួងក្នុងការសម្របសម្រួល បំបែកប័ណ្ណ និងផ្ទេរកម្មសិទ្ធិជូនអតិថិជនទាំងអស់។លោកគោរពអរគុណដល់ក្រសួងរៀបចំដែនដីព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានសម្របសម្រួលជូនអតិថិជនលោក៕