Swift cc time

សមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដើម្បីពិនិត្យលទ្ធផលការងារ និងរួមចំណែកពង្រឹងការអភិវឌ្ឍវិស័យវិស្វកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដើម្បីពិនិត្យលទ្ធផលការងារ និងរួមចំណែកពង្រឹងការអភិវឌ្ឍវិស័យវិស្វកម្ម។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងពិភាក្សា និងតម្រង់ទិសដៅការងារបន្តរបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ដោយផ្តោតលើការដោះស្រាយបញ្ហាប្រឈម និងការកែលម្អប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តការងារ។

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែកញ្ញា បានចាត់តាំង ឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងពិភាក្សា និងតម្រង់ទិសដៅការងារបន្តរបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ដោយផ្តោតលើការដោះស្រាយបញ្ហាប្រឈម និងការកែលម្អប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តការងារ។

ក្នុងឱកាសនោះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈវិស្វករកម្ពុជា ក្នុងការបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដែលបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់។ លទ្ធផលសំខាន់ៗរួមមាន ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ ការចុះបញ្ជីវិស្វករជាតិ និងអន្តរជាតិតាមប្រព័ន្ធអនឡាញជាលើកដំបូង ការផ្សព្វផ្សាយអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការចុះបញ្ជីវិស្វករ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យវិស្វកម្ម ព្រមទាំងការអនុវត្តអនុសាសន៍សំខាន់ៗដែលបានដាក់ចេញនាពេលកន្លងមក។

បន្ទាប់ពីទទួលស្តាប់បទបង្ហាញស្តីពីសកម្មភាពការងារក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត អង្គប្រជុំបានពិភាក្សា និងផ្តល់មតិយោបល់យ៉ាងផុលផុស ដើម្បីពិនិត្យចំណុចប្រឈម កែលម្អចំណុចខ្វះខាត និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងាររបស់គណៈវិស្វករកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធផល និងឆ្លើយតបបានល្អប្រសើរចំពោះតម្រូវការនៃការអភិវឌ្ឍវិស័យវិស្វកម្មនៅកម្ពុជា។

ជាមួយគ្នានេះ រដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឱ្យគណៈវិស្វករកម្ពុជា បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធ ជាពិសេសសហគ្រាសដែលប្រើប្រាស់សេវាវិស្វករ ដើម្បីលើកកម្ពស់ការអនុវត្តតាមច្បាប់ និងស្តង់ដារវិជ្ជាជីវៈ។ លោកក៏បានលើកទឹកចិត្តឱ្យពិចារណារៀបចំបណ្ណសរសើរ ឬលិខិតបញ្ជាក់អំពីការអនុលោមភាពសម្រាប់សហគ្រាសដែលបានប្រើប្រាស់វិស្វករត្រឹមត្រូវតាមច្បាប់ និងគោរពគោលការណ៍វិជ្ជាជីវៈវិស្វកម្ម។

លើសពីនេះ គណៈវិស្វករកម្ពុជាត្រូវបានលើកទឹកចិត្តឱ្យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគណៈវិស្វករអាស៊ាន និងសហព័ន្ធវិស្វករអន្តរជាតិ ដើម្បីបង្កើនការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងឧត្តមភាពវិជ្ជាជីវៈ ព្រមទាំងសិក្សាលទ្ធភាពរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធនឹងវិស័យវិស្វកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏ត្រូវបន្តពង្រីកការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីវិស្វករ បទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស ឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា សមាគមឧកញ៉ាកម្ពុជា បានបន្តចូលរួមផ្តល់ធាតុចូលក្នុងនាមជាតំណាងវិស័យឯកជន ដើម្បីគាំទ្រដល់ការពង្រឹងការគ្រប់គ្រង ការសម្របសម្រួល និងការលើកកម្ពស់វិស័យវិស្វកម្មនៅព្រះរាជាណាចក្រកម្ពុជា។

ការចូលរួមរបស់សមាគមក្នុងកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងស្តង់ដារវិជ្ជាជីវៈ អភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់បរិយាកាសវិស្វកម្មដែលមានគុណភាព សុវត្ថិភាព និងឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង