ក្រចេះ ៖ ប្រធានសមាគមចម្ការឈើដាំ លោក ជា ពៅ រួមជាមួយតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន២ គឺ (ក្រុមហ៊ុន ហូលី ផ្លេនថេសិន ឯ.ក និងក្រុមហ៊ុន ស៊ី អេច ភី B.D. ឌីវេឡុបមេន) បានទទូចសុំដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ មេត្តាសម្រួលនីតិវិធីផ្តល់ការលើកទឹកចិត្ត ពិសេស និង ដោះស្រាយបញ្ហាដីធ្លី ដើម្បីជំរុញការវិនិយោគឱ្យសម្រេចតាមផែនការត្រឹមឆ្នាំ ២០២៧។ ការស្នើសុំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដឹកនាំដោយ លោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច។
ក្នុងកិច្ចប្រជុំនោះ ក្នុងនាមតំណាងវិស័យឯកជន និងសមាគមចម្ការឈើដាំ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយ ជាពិសេស បញ្ហាការរាំងស្ទះលើដីសហគមន៍ ៤ កន្លែងមានផ្ទៃដីប្រមាណ ៤,៩៧០ ហិកតា ហើយបើរដ្ឋមិនអាចដោះស្រាយបានទេ ក្រុមហ៊ុនស្នើឱ្យសហគមន៍ដាំដើមឈើពាណិជ្ជកម្ម ជាដៃគូ ជាមួយក្រុមហ៊ុន ដើម្បីនាំចេញទៅក្រៅប្រទេស។
បន្ថែមពីនេះ សមាគមនិងក្រុមហ៊ុនឯកជន បានស្នើសុំឱ្យក្រសួងបរិស្ថាន ប្រគល់ដីតំបន់អភិរក្សសត្វស្លាប (១,៤០០ ហិកតា) និង តំបន់អភិរក្សព្រៃឡង់ (២៥០ ហិកតា) មកឱ្យក្រសួងកសិកម្មវិញ។សំណើរនេះ ដោយពន្យល់ថា ក្រុមហ៊ុនបានចំណាយថវិកាជាច្រើនក្នុងការបោះបង្គោល និង កាយក្រវ៉ាត់ព្រំរួចហើយ។
យោងតាមរបាយការណ៍ ក្រុមហ៊ុន ហូលី ផ្លេនថេសិន ឯ.ក មានផ្ទៃដីប្រមាណ ៣៤,០០៧ ហិកតា នៅខេត្តក្រចេះ និង ស្ទឹងត្រែង៖បានដាំដុះឈើប្រមាណ ១៥,០០០ ហិកតា (លើដីសុវត្ថិភាពមិនប៉ះពាល់ពលរដ្ឋ) ដោយប្រមូលផលឈើបាន ១០-១៥ ម៉ឺនតោន/ឆ្នាំ (ជិត ៥ ម៉ឺនម៉ែត្រគូប) និង បណ្តុះកូនឈើបាន ៣០-៥០ លានដើម/ឆ្នាំ។ក្រុមហ៊ុនផលិតធ្យូងអនាម័យ ១០០ តោន/ថ្ងៃ, កំទេចឈើ ៣០០-៥០០ តោន/ថ្ងៃ និង ក្តារកុងផ្លាកេ ៥ ម៉ឺនម៉ែត្រគូប/ឆ្នាំ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅចិន និងឥណ្ឌា។
បច្ចុប្បន្នផ្តល់ការងារជូនបុគ្គលិក ២០០ នាក់ និង អ្នកម៉ៅការ ៧០០ នាក់។សាងសង់ផ្លូវប្រវែង ១០០ គីឡូម៉ែត្រ ភ្ជាប់ពីស្រុកស្ទឹងត្រង់មកទីតាំងក្រុមហ៊ុន និង គ្រោងចំណាយ៣០ ម៉ឺនដុល្លារ សាងសង់ស្ពាន ៣ កន្លែង (ប្រវែង ១០០ ម៉ែត្រ) និងផ្លូវ ៥ គីឡូម៉ែត្របន្ថែម។កាងារបន្ត ក្រុមហ៊ុន មានបំណងពង្រីកការដាំដុះឱ្យបាន ១០ ម៉ឺនហិកតា ក្នុងតំបន់ភូមិភាគឦសាន។
ចំណែកមួយទៀត គឺក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន មានផ្ទៃដីដើម ៨,៦៨៦ ហិកតា នៅខេត្តក្រចេះ ហើយបានកាត់ឆ្កៀលដីជូនប្រជាពលរដ្ឋ ១,៩៣៣.០៥ ហិកតា (ជូន ៣៦៥ គ្រួសារ)។បច្ចុប្បន្ននៅសល់ដីប្រមាណ ១,៦០០ ហិកតា និង បានឈូសឆាយដាំដុះដំណាំប្រេងខ្យល់ ដើមគរ និងកៅស៊ូបាន ១,១៣៦ ហិកតា។ក្រុមហ៊ុនចូលរួមសាងសង់ផ្លូវក្នុងតំបន់សម្បទានបានប្រវែងសរុប ១២៣.៧៥ គីឡូម៉ែត្រជូនប្រជាពលរដ្ឋ៕