ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ ពោលគិតចាប់ពីខែមករា-សីហា កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ប្រមាណ ២៤ ពាន់លានដុល្លា កើនឡើងជាង ១៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍ រយៈពេល៨ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៥០,៦ ពាន់លានដុល្លារ ក្នុងនោះកម្ពុជាសម្រេចការនាំចេញក្នុងទឹកប្រាក់ប្រមាណ ២៤ ពាន់លានដុល្លារ កើនឡើងជាង ១៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ២៦,៥ ពាន់លានដុល្លារ កើនឡើងជាង ២០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ទីផ្សារនាំចេញ នាំចូល សំខាន់ៗរបស់កម្ពុជារួមមាន ចិន សហរដ្ឋអាម៉េរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ម៉ាឡេស៊ី កាណាដា អេស្ប៉ាញ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ចក្រភពអង់គ្លេស អាឡឺម៉ង់ ជាដើម។ល។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម។
ចំណែកមុខទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិមានដូចជា៖ វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ គ្រឿងឧបភោគបរិភោគ យានយន្ត និងគ្រឿងចក្រ សារធាតុគីមី ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក និងសម្ភារសំណង់ ជាដើម៕