ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបណ្ដុះបណ្តាល កសិកម្ម និងឧស្សាហកមុ្មឌីជីថល ខណៈសមាគមមួយនេះ គ្រោងនឹងរៀបចំសិក្ខាសាលានៅប្រទេសជប៉ុននាពេលខាងមុខ ដើម្បីពន្យល់ដល់ក្រុមហ៊ុនជប៉ុនឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគ, ក្របខណ្ឌគោលនយោបាយ និងការលើកទឹកចិត្តនានា នៅកម្ពុជា។ ប្រសាន៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានសង្កត់ធ្ងន់អំពីការផ្ដោតអាទិភាពខ្ពស់របស់ JCA ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើសសរស្ដម្ភចំនួន៣ រួមមាន៖ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការអភិវឌ្ឍវិស័យកសិកម្ម, និងការអភិវឌ្ឍឧស្សាហកមុ្មឌីជីថល។
ជាមួយគ្នានេះ គណៈប្រតិភូ JCA ក៏បានលើកឡើងអំពីទិសដៅក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ដែលមានជាអាទិ៍៖ (១) ការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងពិភពលោក, និង (២) ការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការថែរក្សាសម្ផស្ស និងគ្រឿងសម្អាង ក៏ដូចជាការសហការជាមួយនឹងក្រុមហ៊ុន TOYOTA ក្នុងការបណ្ដុះបណ្ដាលអ្នកថែទាំរថយន្ត ជាដើម។
ក្រៅពីនេះ, ក្នុងទិសដៅផ្សព្វផ្សាយបន្ថែមអំពីច្បាប់ស្ដីពីវិនិយោគនៅកម្ពុជា, JCA គ្រោងនឹងរៀបចំសិក្ខាសាលានៅប្រទេសជប៉ុននាពេលខាងមុខ ដើម្បីមានឱកាសពន្យល់ដល់ក្រុមហ៊ុនជប៉ុនឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគ, ក្របខណ្ឌគោលនយោបាយ និងការលើកទឹកចិត្តនានា នៅកម្ពុជា។
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តជាគំរូល្អក្នុងការទាក់ទាញវិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។ សម្ដេចរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ក្នុងការបន្តធ្វើការរួមគ្នាដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ហើយតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះផងដែរ, សម្ដេចធិបតីក៏សង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ ជាបន្តបន្ទាប់ នាពេលអនាគត៕