Swift cc time

សភាពាណិជ្ជកម្មអាម៉េរិក-កម្ពុជា ចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សភាពាណិជ្ជកម្មអាម៉េរិក-កម្ពុជា (American Cambodian Business Chamber - ACBC) បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗរបស់កម្ពុជា ជាពិសេសវិស័យឡូជីស្ទីក វិស័យកសិកម្ម និងគ្រឿងសង្ហារឹមនៅកម្ពុជា សំដៅជំរុញការតភ្ជាប់រវាងវិនិយោគិននៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានវិសាលភាព។ ចំណាប់អារម្មណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន ACBC បានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចធុរកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជាពិសេស បណ្តាក្រុមហ៊ុនរបស់ ACBC បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យឡូជីស្ទីក, វិស័យកសិកម្ម និងគ្រឿងសង្ហារឹម សំដៅជំរុញការតភ្ជាប់រវាងវិនិយោគិននៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានវិសាលភាពថែមទៀត។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបាន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចបានបង្ហាញសុទិដ្ឋិនិយមថា នៅថ្ងៃអនាគត ផលិតផលកម្ពុជានឹងមានវត្តមានកាន់តែច្រើនឡើងនៅលើទីផ្សារសហរដ្ឋអាមេរិក។

សម្ដេចក៏បានគូសរំលេចពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់គោលដៅប្រែក្លាយកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ ព្រមទាំងមានបំណងជំរុញការតភ្ជាប់រវាងកំពង់ផែនេះ ជាមួយបណ្តាកំពង់ផែសំខាន់ៗរបស់សហរដ្ឋអាមេរិកផងដែរ៕


Khcct banner

អត្ថបទទាក់ទង