ទីក្រុងគូឡាឡាំពួ៖ ក្រសួងសុខាភិបាលកម្ពុជា ស្នើឱ្យឥណ្ឌូនេស៊ី ជួយបណ្តុះបណ្តាលអ្នកជំនាញសុខាភិបាលកម្ពុជា តាមរយៈអាហារូបករណ៍ ផ្តល់ការចុះកម្មសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង។ សំណើនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាទ្វេភាគីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) រវាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក Budi Gunadi Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
បើតាមក្រសួងសុខាភិបាល ក្នុងជំនួបនេះ ភាគីទាំងពីរបានរំលឹក និងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០២៤ លើវិស័យអាទិភាពចំនួន៤ រួមមាន៖ សេវាសុខាភិបាល, ភាពធន់ផ្នែកសុខាភិបាល (ការឆ្លើយតបគ្រាអាសន្ន សន្តិសុខឱសថ និងបរិក្ខារវេជ្ជសាស្ត្រ), ធនធានមនុស្ស, និងបច្ចេកវិទ្យាសុខាភិបាល (ឌីជីថល និងជីវបច្ចេកវិទ្យា)។
ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានស្នើឱ្យឥណ្ឌូនេស៊ីជួយបណ្តុះបណ្តាលអ្នកជំនាញសុខាភិបាលកម្ពុជា តាមរយៈអាហារូបករណ៍ ផ្តល់ការចុះកម្មសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង។ កិច្ចប្រជុំនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសុខភាពប្រជាជន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំ៕