ទីក្រុងគូឡាឡាំពួ៖ ក្រសួងសុខាភិបាលកម្ពុជា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) ដោយពិភាក្សាទ្វេភាគីជាមួយក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលរវាងប្រទេសទាំងពីរ(កម្ពុជា-ឡាវ)។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ រវាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោកស្រី Baykham Khatthiya រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
បើតាមក្រសួងសុខាភិបាល គោលបំណងនៃជំនួបនេះ គឺដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើការរៀបចំពង្រាង និងឈានដល់ការរៀបចំការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ដែលបានពិភាក្សា និងសម្រេចសេចក្តីព្រាង MoU នេះកាលពីខែកក្កដា ឆ្នាំ២០២៦។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះនឹងក្លាយជាក្របខ័ណ្ឌការងារដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាពនានា រួមមាន៖ ការទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លង, ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ឆ្លងដែន, សុខភាពមាតា និងទារក, សុវត្ថិភាពម្ហូបអាហារ, ការធានាគុណភាពឱសថ, និងការអភិវឌ្ឍធនធានមនុស្ស។
បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខសុខភាពតំបន់ លើការសម្រួលបទប្បញ្ញត្តិនាំចេញ-នាំចូលឱសថ, ការចុះបញ្ជីឱសថ, និងការបណ្តុះបណ្តាលបច្ចេកទេសរួមគ្នា ដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាលនៃប្រទេសទាំងពីរ៕