ភ្នំពេញ៖ ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ លើកទី៥ (5th Cambodia Travel Match – CTM 2026 Mini-Series) ទាក់ទាញប្រតិភូក្រុមហ៊ុនទេសចរណ៍ធំៗ មកពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន ឱ្យជួបពិភាក្សាជាមួយក្រុមហ៊ុនទេសចរណ៍កម្ពុជា បង្កើតកិច្ចសហការទេសចរណ៍រួមគ្នាជាច្រើន។ កម្មវិធី CTM 2026 Mini-Series ត្រូវបានរៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
នាឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួអទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ដែលជាអ្នករៀបចំកម្មវិធី រួមជាមួយសហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍ (CTB) និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ពង្រីកឱកាសធុរកិច្ច និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានគូសបញ្ជាក់ថា CTM 2026 Mini-Series បានក្លាយជាវេទិកាពាណិជ្ជកម្មទេសចរណ៍ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្តោតលើការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន បង្កើនការចូលដល់ទីផ្សារទេសចរណ៍អន្តរជាតិ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព ការបង្កើតជាវេទិកាភ្ជាប់អ្នកទិញអន្តរជាតិជាមួយអ្នកផ្គត់ផ្គង់សេវាទេសចរណ៍កម្ពុជាជាក់ស្តែង និងប្រកបដោយលទ្ធផលខ្ពស់ ដើម្បីពង្រីកបណ្តាញធុរកិច្ច ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗ អំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងពិភពលោក ដែលជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារទេសចរណ៍អន្តរជាតិ ពង្រីកវត្តមានរបស់កម្ពុជាក្នុងទីផ្សារថ្មីៗ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងប្រតិបត្តិករទេសចរណ៍ក្នុងតំបន់ឱ្យមានឱកាសចូលដល់ទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ថា ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ (CTM 2026 Mini-Series) ត្រូវបានអនុវត្តក្រោមកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ក្នុងនាមជាអ្នករៀបចំកម្មវិធី (Lead Organizer) ដែលជាយុទ្ធនាការទីផ្សារគោលដៅជាយុទ្ធសាស្ត្រពេញមួយឆ្នាំ ក្រោមប្រធានបទ «កម្ពុជាទៅកាន់ពិភពលោក» ដើម្បីបង្កើតវេទិកាធុរកិច្ចរវាងអ្នកទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់កម្ពុជា ពង្រីកទីផ្សារ ទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ និងលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយពិពិធកម្ម និងភាពប្រកួតប្រជែងនៅលើទីផ្សារទេសចរណ៍ពិភពលោក៕