Swift cc time

សមាគមឧកញ៉ាកម្ពុជា ចូលរួមសន្និសីទអនាគតនៃការវិនិយោគ ឆ្នាំ២០២៦ ដើម្បីពង្រឹងការតភ្ជាប់វិនិយោគ និងឱកាសធុរកិច្ចអន្តរជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមិន៖ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា នារសៀលទី៨ ខែកញ្ញា ឆ្នាំ២០២៦បានបន្តដឹកនាំគណៈប្រតិភូសមាគម អមដំណើរលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចូលរួម សន្និសីទអនាគតនៃការវិនិយោគ ឆ្នាំ២០២៦ (Future Investment Conference 2026) ក្រោមប្រធានបទ «ការវិនិយោគសកលសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ» នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាគន្លឹះ ដោយបង្ហាញទស្សនទានយុទ្ធសាស្ត្រអំពីការប្រែប្រួលនៃបរិបទវិនិយោគសកល និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោកបានគូសបញ្ជាក់ថា ចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជា ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានពង្រីកយ៉ាងទូលំទូលាយលើវិស័យសក្តានុពលជាច្រើន រួមមានឧស្សាហកម្មកែច្នៃ កសិកម្ម ថាមពល ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយគ្នានេះ លោក ស៊ុនចាន់ថុល បានលើកឡើងពីសារៈសំខាន់នៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា–ចិន (CCFTA) និង កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងការបើកច្រកទីផ្សារកាន់តែទូលំទូលាយ សម្រួលពាណិជ្ជកម្ម និងពង្រឹងភាពរឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ព្រមទាំងបង្កើតឱកាសកាន់តែច្រើនសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងសន្និសីទនេះ បានបង្កើតឱកាសសម្រាប់ការពង្រីកបណ្តាញទំនាក់ទំនងជាមួយវិនិយោគិន និងសហគ្រាសអន្តរជាតិ ជាពិសេសសហគ្រាសចិនដែលមានសក្តានុពលក្នុងការពង្រីកអាជីវកម្ម និងការវិនិយោគមកកម្ពុជា ព្រមទាំងអាចចូលរួមក្នុងការភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតភាពជាដៃគូអាជីវកម្មថ្មីៗ។

ជាមួយគ្នានេះ វត្តមានរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងវេទិកាវិនិយោគអន្តរជាតិនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគម ក្នុងការពង្រឹងការតភ្ជាប់វិស័យឯកជនកម្ពុជា ជាមួយដៃគូអន្តរជាតិ ស្វែងរកកាលានុវត្តភាពវិនិយោគ និងពង្រីកឱកាសធុរកិច្ចជូនសមាជិក ស្របតាមទិសដៅរបស់សមាគមក្នុងការរួមចំណែកជំរុញការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជនកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង