Swift cc time

កម្ពុជាចុះបញ្ជីគម្រោងវិនិយោគចំនួន ៣៧ ក្នុងទុនសរុបប្រមាណ ២៣៣ លានដុល្លារ ក្នុងខែសីហា ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) កាលពីខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៧គម្រោង ក្នុង ទំហំទុនវិនិយោគសរុបប្រមាណ ២៣៣លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បាន ប្រមាណ ២៣ពាន់កន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

បើតាមរបាយការណ៍ ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន២៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៩៨លានដុល្លារអាម៉េរិក និងអាច បង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៧ពាន់កន្លែង។ ដោយឡែក គម្រោងវិនិយោគដែលត្រូវ បានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន១០គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣៥លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ៦ពាន់កន្លែង។

CDCបញ្ជាក់ថា ជាការកត់សម្គាល់ ការវិនិយោគក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៦នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យ ឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការទាក់ទាញវិនិយោគ។

CDCអះអាងថា និន្នាការនេះបង្ហាញថា បរិយាកាសវិនិយោគ នៅកម្ពុជានៅតែរក្សាបាននូវសញ្ញាណវិជ្ជមាន និងមានភាពធន់ខ្ពស់ ព្រមទាំងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ វិនិយោគិនលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់សកម្មភាពធុរកិច្ច និងវិនិយោគ។

ទុនវិនិយោគតាមវិស័យសំខាន់ៗមានដូចជា វិស័យឧស្សាហកម្ម ២០៩ លានដុល្លារ និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ២៩ លានដុល្លារ។ ប្រភពទុនវិនិយោគសំខាន់ៗមានដូចជា៖ ចិន កម្ពុជា សិង្ហបុរី វៀតណាម កោះ British Virgin សាធារណកូរ៉េខាងត្បូង សហព័ន្ធស្វីស និងសហរដ្ឋអាម៉េរិក៕


Khcct banner

អត្ថបទទាក់ទង