សៀមិន៖ ក្រុមហ៊ុនហ្វូណនតេជោ និង ធនាគារ China Exim Bank របស់ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមានតម្លៃជិត ១ពាន់លានដុល្លារ ដើម្បីជួយដល់ដំណើរការសម្រាប់ការសាងសង់ព្រែកជីកហ្វូណនតេជោ របស់កម្ពុជា។ពិធីចុះនេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ។
កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ (BOT) និង ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ព្រមទាំងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះដោយជោគជ័យ។
យោងតាមសេចក្តីប្រកាសរបស់ ក្រុមហ៊ុនហ្វូណនតេជោ បានចាត់ទុកព្រឹត្តិការណ៍នេះបញ្ជាក់ពី កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងចិន ព្រមទាំងការប្តេជ្ញាចិត្តរួមរបស់ស្ថាប័ន និង ដៃគូដែលចូលរួម ក្នុងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមរយៈពេលវែង។
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នឹងចូលរួមកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ក្នុងវិស័យភស្តុភារកម្ម ហើយនឹងក្លាយជាច្រក «របៀងសេដ្ឋកិច្ចថ្មី» ជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើករបស់កម្ពុជា។ តាមរយៈគម្រោងនេះ នឹងនាំមកនូវ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការកែច្នៃកសិផល ការអភិវឌ្ឍក្រុងរណប និងវិស័យទេសចរណ៍ នឹងរីកចម្រើនយ៉ាងខ្លាំងក្លាតាមបណ្តោយផ្លូវទឹកនេះ។
ក្នុងកម្មវិធីលោកឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល បានអំពាវនាវទៅកាន់ថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិទាំងអស់ ឱ្យអញ្ជើញមកកាន់កម្ពុជា សម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា ខណៈដែលកម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការស្វាគមន៍ សម្របសម្រួល និងធ្វើការរួមគ្នាជាមួយអ្នកវិនិយោគ ដើម្បីជោគជ័យប្រកបដោយចីរភាព៕