Swift cc time

សមាគមឧកញ៉ាកម្ពុជា បន្តអមដំណើរគណៈប្រតិភូកម្ពុជា ទស្សនកិច្ចសិក្សាបច្ចេកវិទ្យានវានុវត្តន៍នៅក្រុមហ៊ុន SDIC Intelligent Information Technology

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

សៀមិន៖ បន្ទាប់ពីបញ្ចប់ជំនួបអាហារថ្ងៃត្រង់ធុរកិច្ច អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូសមាគម អញ្ជើញអមដំណើរលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ នៅក្រុមហ៊ុន SDIC Intelligent Information Technology Co., Ltd. ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគណៈគ្រប់គ្រងជាន់ខ្ពស់ ដឹកនាំដោយលោក Teng Da ប្រធានក្រុមហ៊ុន។

ក្នុងឱកាសនៃទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាបានសិក្សាស្វែងយល់អំពីសមត្ថភាព និងដំណោះស្រាយបច្ចេកវិទ្យារបស់ក្រុមហ៊ុន ជាពិសេសលើវិស័យ កោសល្យវិច័យឌីជីថល (Digital Forensics) ការធ្វើឌីជីថលូបនីយកម្មសន្តិសុខសាធារណៈ សន្តិសុខសាយប័រ និងរដ្ឋាភិបាលឌីជីថល។

ការសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងបទពិសោធន៍របស់ក្រុមហ៊ុននេះ បានផ្តល់ជាមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរទស្សនៈ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីសក្តានុពលនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ សន្តិសុខសាធារណៈ និងសមត្ថភាពឌីជីថល។

សម្រាប់កម្ពុជា ទស្សនកិច្ចសិក្សាបែបនេះមានសារៈសំខាន់ក្នុងការស្វែងយល់ពីបទពិសោធន៍ និងនវានុវត្តន៍បច្ចេកវិទ្យាដែលអាចជាមូលដ្ឋានសម្រាប់ការពិចារណាអភិវឌ្ឍសមត្ថភាពឌីជីថល និងប្រព័ន្ធសន្តិសុខសាយប័រឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងឆ្លើយតបនឹងតម្រូវការនៃសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងទស្សនកិច្ចសិក្សានេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់សមាគម ក្នុងការពង្រឹងការតភ្ជាប់ជាមួយវិស័យបច្ចេកវិទ្យា និងដៃគូអន្តរជាតិ ព្រមទាំងស្វែងរកចំណេះដឹង បទពិសោធន៍ និងកាលានុវត្តភាពថ្មីៗ ដែលអាចរួមចំណែកដល់ការធ្វើទំនើបកម្មវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង