ភ្នំពេញ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥-ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ គឺជាខួប១ឆ្នាំនៃការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) របស់កម្ពុជា។រយៈពេល១ឆ្នាំនេះ អាកាសយានដ្ឋានលំដាប់ 4F របស់កម្ពុជានេះ បានក្លាយជាច្រកចេញចូលផ្លូវអាកាសអន្តរជាតិដ៏សំខាន់របស់ប្រទេសកម្ពុជា ដោយសម្រេចបានការផ្ទេរប្រតិបត្តិការដោយរលូន ការពង្រីកការតភ្ជាប់អន្តរជាតិ ការពង្រឹងសមត្ថភាពប្រតិបត្តិការ និង ការទទួលស្គាល់លើឆាកអន្តរជាតិ។
កាលពីឆ្នាំមុន ពោលគឺនៅថ្ងៃនេះ ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសម្រាប់រាជធានីភ្នំពេញ ត្រូវបានផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដោយជោគជ័យ ដែលចាប់ផ្តើមជើងហោះហើរដំបូងដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia (K6 611)។
ក្រោយដាក់ឱ្យដំណើរការបានប៉ុន្មានថ្ងៃ ពោលគឺនៅថ្ងៃទី ២៥ ខែកញ្ញា ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ បានក្លាយជាទីតាំង ដើម្បីជួយសង្គ្រោះយន្តហោះ ១៣ គ្រឿងរបស់ក្រុមហ៊ុនធំ Cathay Paciffic រត់គេចចេញពីព្យុះដែលបង្ហាញពីសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍បន្ទាន់ទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនានា។
ទាក់ទងការពង្រីកបណ្តាញតភ្ជាប់អន្តរជាតិ ក្រោយដាក់ដំណើរការ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Etihad Airways បានបើកជើងហោះហើរត្រង់ពីកម្ពុជា នៅខែតុលា ២០២៥ និង ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Turkish Airlines បានបើកជើងហោះហើរមកភ្នំពេញ នៅខែធ្នូ ឆ្នាំ២០២៥ ហើយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Air Cambodia បានបន្តពង្រីកបណ្តាញជើងហោះហើរទៅជប៉ុន និងតំបន់សំខាន់ជាច្រើនទៀត។
គិតត្រឹមត្រីមាសទី១ និង ត្រីមាសទី២ ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ បានទទួលអ្នកដំណើរប្រមាណ ២.៤ លាននាក់។ ទន្ទឹមនឹងនេះ ប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍នៅអាកាសយានដ្ឋានេះ ក៏បានពង្រីកសេវាកម្មថែទាំយន្តហោះ តាមរយៈក្រុមហ៊ុន TIA Engineering Services រួមជាមួយនឹងសេវាកម្មដីគោក (Ground handling) ការដឹកជញ្ជូនទំនិញ សុវត្ថិភាព និង សន្តិសុខ។
អាកាសយានដ្ឋាននេះ បានជាប់ចំណាត់ថ្នាក់លេខ៥ លើពិភពលោកក្នុងចំណោម World’s Best new Airport Terminals 2026 របស់ Skytrax World Airport Awards និង ត្រូវបាន Prix Versailles ជ្រើសរើសជាអាកាសយានដ្ឋានមួយក្នុងចំណោម World’s Most Beautiful Airports 2026 ដែលជាការទទួលស្គាល់ចំពោះគុណភាព បទពិសោធន៍អ្នកដំណើរ ស្ថាបត្យកម្ម និងការរួមបញ្ចូលអត្តសញ្ញាណវប្បធម៌ខ្មែរ៕