Swift cc time

លោក ស៊ុន ចាន់ថុល បន្តអន្ទងចិត្តឱ្យអ្នកវិនិយោគចិនមកដាក់ទុននៅកម្ពុជា ក្នុងពិព័រណ៌វិនិយោគអន្តរជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)

សៀមិន៖លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងក្រុមការងារ កំពុងចូលរួមពិធីបើកពិព័រណ៌វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ (26th CIFIT) ដែលបានប្រព្រឹត្តទៅនៅទីក្រុងសៀមិន ខេត្តហ្វូជៀនប្រទេសចិន។ក្នុងឱកាសនោះ បានឡើងថ្លែងសុន្ទរកថាគន្លឹះ ដើម្បីអន្ទងចិត្តទាក់ទាញអ្នកវិនិយោគមកដាក់ទុននៅកម្ពុជា។

ក្នុងវេទិកានោះ លោក ស៊ុន ចាន់ថុល បានប្រាប់អ្នកវិនិយោគពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងខិតខំរៀបចំខ្លួនឈានទៅរកការអភិវឌ្ឍមួយកម្រិតទៀត ដោយមានបំណងប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ វិស័យឯកជនត្រូវបានចាត់ទុកជាបេះដូងនៃរបត់មួយនេះ ដោយសារការវិនិយោគពីវិស័យឯកជន មិនត្រឹមតែនាំមកនូវទុនក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាឱកាសការងារ ការផ្ទេរនូវចំណេះដឹងបច្ចេកវិទ្យាទំនើបថ្មីៗ និងការផ្សារភ្ជាប់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកលផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាសវិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់ តាមរយៈ៖ ១. ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងយ៉ាងមានភាពទាក់ទាញ ដើម្បីផ្តល់នូវការលើកទឹកចិត្តខ្ពស់ និងកិច្ចការពារយ៉ាងរឹងមាំជូនដល់វិនិយោគិន។

២. ការអនុវត្តច្បាប់ និងការលើកកម្ពស់សន្តិសុខ តាមរយៈការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងៗ ដើម្បីធានាបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសុវត្ថិភាព។៣. ការបើកច្រកទីផ្សារធំៗ តាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (អាស៊ាន, RCEP, កិច្ចព្រមព្រៀងទ្វេភាគី), ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប, កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងការខិតខំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP។

យោងតាមរបាយការណ៍របស់ CDC ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៦ ដែលមានសរុបចំនួន ៣០៩គម្រោង ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាមេរិក រំពឹងថានឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៧៧,០០០ កន្លែង។វិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ នៅតែជាវិស័យសំខាន់យ៉ាងណាក្តី កម្ពុជាបាននិងកំពុងបោះជំហានក្នុងការទាក់ទាញលំហូរវិនិយោគឆ្ពោះទៅកាន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងបច្ចេកវិទ្យាទំនើប ក្នុងនោះរួមមាន៖ ការផលិតគ្រឿងអេឡិចត្រូនិក, ការដំឡើងយានយន្ត, ការអភិវឌ្ឍថាមពលស្អាត, ការកែច្នៃផលិតផលកសិកម្មកម្រិតខ្ពស់, និងប្រព័ន្ធភស្តុភារកម្មទំនើប ដែលកត្តាទាំងនេះនឹងក្លាយជាកម្លាំងចលករថ្មីក្នុងការបង្កើនផលិតភាព ពង្រឹងខ្សែច្រវាក់តម្លៃសកល និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាព និងភាពធន់វែងឆ្ងាយ៕

Khcct banner

អត្ថបទទាក់ទង