Swift cc time

សមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងជំនួបអាហារថ្ងៃត្រង់ធុរកិច្ចជាមួយក្រុមហ៊ុន Xiamen Hongda ដើម្បីពង្រឹងការតភ្ជាប់ធុរកិច្ច និងជំរុញការវិនិយោគពីខេត្តហ្វូជៀនមកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

សៀមិន៖អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសមាគម អញ្ជើញអមដំណើរលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបអាហារថ្ងៃត្រង់ធុរកិច្ច ដែលរៀបចំទទួលស្វាគមន៍ដោយគណៈគ្រប់គ្រងជាន់ខ្ពស់នៃ ក្រុមហ៊ុន Xiamen Hongda Taxation Service Limited ដឹកនាំដោយលោក You Lingkan ប្រធានក្រុមហ៊ុន នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

ជំនួបនេះផ្តោតលើការពង្រឹងទំនាក់ទំនងធុរកិច្ច និងការផ្លាស់ប្តូរទស្សនៈរវាងភាគីពាក់ព័ន្ធ ព្រមទាំងការពង្រីកបណ្តាញទំនាក់ទំនងរវាងវិស័យឯកជន និងស្វែងរកឱកាសក្នុងការទាក់ទាញវិនិយោគិនពីខេត្តហ្វូជៀន ឱ្យមកសិក្សា និងស្វែងរកលទ្ធភាពបណ្តាក់ទុននៅកម្ពុជា។

ការជួបជុំក្នុងបរិយាកាសធុរកិច្ចនេះ បានផ្តល់ឱកាសដល់ភាគីទាំងពីរ ក្នុងការផ្លាស់ប្តូរព័ត៌មាន និងស្វែងយល់កាន់តែច្បាស់អំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបង្កើតទំនាក់ទំនងជាមួយសហគ្រាស និងដៃគូអាជីវកម្មដែលមានសក្តានុពលនៅខេត្តហ្វូជៀន។ ក្នុងន័យនេះ ការតភ្ជាប់ដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរ អាចជាមូលដ្ឋានសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងការស្វែងរកឱកាសធុរកិច្ចថ្មីៗនៅពេលអនាគត។

សូមបញ្ជាក់ថា Xiamen Hongda Taxation Service Limited ជាក្រុមហ៊ុនផ្តល់សេវាកម្មពន្ធដារ និងសវនកម្មមួយនៅប្រទេសចិន ហើយបានដើរតួនាទីជាម្ចាស់ផ្ទះក្នុងការរៀបចំ ពន្លាកម្ពុជា (Cambodia’s Pavilion) និងសិក្ខាសាលាតុមូល ក្នុងក្របខ័ណ្ឌ ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) លើកទី២៦។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងជំនួបនេះ បានឆ្លុះបញ្ចាំងពីតួនាទីរបស់សមាគមក្នុងការពង្រឹងបណ្តាញទំនាក់ទំនងអន្តរជាតិ និងបង្កើតវេទិកាតភ្ជាប់សមាជិកជាមួយដៃគូធុរកិច្ច និងវិនិយោគិនអន្តរជាតិ។ ជាមួយគ្នានេះ សមាគមនឹងបន្តជំរុញការតភ្ជាប់ធុរកិច្ច និងការផ្លាស់ប្តូរឱកាសវិនិយោគ ដើម្បីរួមចំណែកទាក់ទាញលំហូរវិនិយោគ និងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជា និងចិន៕


Khcct banner

អត្ថបទទាក់ទង