Swift cc time

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បំពេញទស្សនកិច្ចនៅស្នាក់ការកណ្តាលក្រុមហ៊ុន 361° Group ក្នុងទីក្រុងសៀមិន ដើម្បីពង្រឹងការតភ្ជាប់ធុរកិច្ច និងស្វែងរកឱកាសសហប្រតិបត្តិការថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

សៀមិន៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការចូលរួមអមដំណើរគណៈប្រតិភូ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសចូលរួម ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) លើកទី២៦ នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគម និងជាប្រធានគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចនៅស្នាក់ការកណ្តាល 361° Group ដែលមានមូលដ្ឋាននៅខេត្តហ្វូជៀន និងជាក្រុមហ៊ុនម៉ាកសម្លៀកបំពាក់ និងផលិតផលកីឡារបស់ប្រទេសចិនដែលកំពុងពង្រីកវត្តមាននៅទីផ្សារអន្តរជាតិ។

ទស្សនកិច្ចនេះ បានផ្តល់ឱកាសដល់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ស្វែងយល់កាន់តែស៊ីជម្រៅអំពីសកម្មភាពអាជីវកម្ម យុទ្ធសាស្ត្រអភិវឌ្ឍផលិតផល បច្ចេកវិទ្យា និងទិសដៅពង្រីកទីផ្សាររបស់ 361° Group ព្រមទាំងពិភាក្សាអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ធុរកិច្ចរវាងវិស័យឯកជនកម្ពុជា និងក្រុមហ៊ុនចិន។

សូមបញ្ជាក់ថា 361° គឺជាម៉ាកកីឡាចិនដែលបានចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធកីឡាអន្តរជាតិ និងបានពង្រីកវត្តមានអាជីវកម្មទៅកាន់ទីផ្សារក្រៅប្រទេសជាបន្តបន្ទាប់។ តាមរបាយការណ៍របស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន 361° មានបណ្តាញលក់នៅក្រៅប្រទេសចំនួន ១,១៦៧កន្លែង ហើយកំពុងបន្តពង្រីកទីផ្សារអន្តរជាតិ។

ក្រុមហ៊ុនក៏បានពង្រីកហាង Super Premium របស់ខ្លួនមកកាន់ប្រទេសកម្ពុជាដោយបង្ហាញពីការកើនឡើងនៃវត្តមានម៉ាកល្បីៗនៅក្នុងទីផ្សារកម្ពុជា។

ក្នុងបរិបទនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា–ចិន ការបំពេញទស្សនកិច្ចនេះ មានសារៈសំខាន់ក្នុងការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងព័ត៌មានអាជីវកម្ម ព្រមទាំងស្វែងរកលទ្ធភាពពង្រីកភាពជាដៃគូក្នុងវិស័យពាណិជ្ជកម្ម កីឡា ផលិតកម្ម ចែកចាយ និងការវិនិយោគ។

ការតភ្ជាប់ដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗនៅប្រទេសចិន ក៏អាចបង្កើតឱកាសថ្មីសម្រាប់សមាជិកសមាគម ក្នុងការស្វែងរកដៃគូអាជីវកម្ម និងបង្កើនការចូលរួមនៅក្នុងខ្សែច្រវាក់តម្លៃ និងទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ វត្តមានរបស់សមាគមឧកញ៉ាកម្ពុជា នៅក្នុងបេសកកម្មពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសចិន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការពង្រឹងបណ្តាញទំនាក់ទំនងអន្តរជាតិ ជំរុញការតភ្ជាប់រវាងវិស័យឯកជន និងបង្កើតឱកាសធុរកិច្ច និងវិនិយោគថ្មីៗជូនដល់សមាជិក ស្របតាមទិសដៅរបស់សមាគមក្នុងការលើកកម្ពស់ភាពជាដៃគូ និងការរួមចំណែករបស់វិស័យឯកជនកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា នឹងបន្តប្រើប្រាស់វេទិកាអន្តរជាតិ និងបេសកកម្មពាណិជ្ជកម្ម វិនិយោគ ដើម្បីពង្រីកការតភ្ជាប់ជាមួយសហគ្រាស និងដៃគូអន្តរជាតិ ជាពិសេសក្នុងទីផ្សារដែលមានសក្តានុពល ដើម្បីបង្កើតឱកាសសហប្រតិបត្តិការដែលមានតម្លៃជាក់ស្តែង និងរួមចំណែកជំរុញការវិនិយោគ និងការរីកចម្រើនរបស់វិស័យឯកជនកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង