Swift cc time

កម្ពុជា-ចិន ចុះហត្ថលេខាលើគម្រោងសាងសង់អគារវេជ្ជសាស្ត្រ និងវះកាត់ថ្មីចំនួន ៦ ជាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងស្ថានទូតចិនប្រចាំកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយគ្រោងសាងសង់អគារវេជ្ជសាស្ត្រ និងវះកាត់ថ្មីចំនួន ៦ ជាន់ មានផ្ទៃក្រឡាសំណង់សរុបប្រមាណ ១៤ ០០០ម៉ែត្រការ៉េ និងមានសមត្ថភាពសរុប ២០០គ្រែ។

បើតាមក្រសួងសុខាភិបាល គម្រោងនេះ នឹងសាងសង់អគារវេជ្ជសាស្ត្រ និងវះកាត់ថ្មីចំនួន ៦ ជាន់ មានផ្ទៃក្រឡាសំណង់សរុបប្រមាណ ១៤ ០០០ម៉ែត្រការ៉េ និងមានសមត្ថភាពសរុប ២០០គ្រែ។ អគារថ្មីនឹងបំពាក់មុខងារសេវាសុខាភិបាលសំខាន់ៗ រួមមាន ផ្នែកពិគ្រោះជំងឺក្រៅ សង្គ្រោះបន្ទាន់ រូបភាពវេជ្ជសាស្ត្រ មជ្ឈមណ្ឌលឆ្លុះពិនិត្យ មជ្ឈមណ្ឌលលាងឈាម ផ្នែករោគវិទ្យា បន្ទប់វះកាត់ ផ្នែកថែទាំជំងឺកម្រិតធ្ងន់ (ICU) និងផ្នែកសម្រាកព្យាបាល។ គម្រោងក៏រួមបញ្ចូលបរិក្ខារវេជ្ជសាស្ត្រចាំបាច់សម្រាប់គាំទ្រការផ្តល់សេវាទាំងនេះ ដូចជា CT 256-slice, Digital X-ray ម៉ាស៊ីនលាងឈាម បរិក្ខារវះកាត់ និងសណ្តំ និងបរិក្ខារ ICU ជាដើម។

គម្រោងនេះ ក៏ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងចិន ក្នុងវិស័យសុខាភិបាល និងការបន្តគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ក្រសួងបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលយ៉ាងសកម្មរបស់ក្រុមការងារក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្តព្រះសីហនុ ជាមួយក្រុមអ្នកជំនាញចិនដែលដឹកនាំដោយក្រុមហ៊ុន China IPPR International Engineering Co., Ltd ការរៀបចំគម្រោងបានឈានទៅមុខជាបន្តបន្ទាប់ ដោយបានកំណត់ច្បាស់នូវទំហំ និងមុខងារសេវាសុខាភិបាលរបស់អគារថ្មី៕


Khcct banner

អត្ថបទទាក់ទង