Swift cc time

លោក ហួត ហាក់៖ ការធ្វើដំណើរពីភ្នំពេញទៅ-មកព្រលានតេជោ ដោយប្រើសេវារថយន្តក្រុងសាធារណៈអាចជួយសន្សំសំចៃថ្លៃធ្វើដំណើរដល់អ្នកដំណើរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ សេវារថយន្តក្រុងសាធារណៈ(Airport Express Bus) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោមករាជធានីភ្នំពេញជាជម្រើសធ្វើដំណើរបន្ថែមផ្តល់ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងជាតិ និងអន្តរជាតិប្រកបដោយសុវត្ថិភាព ផាសុកភាព និងតម្លៃសមរម្យ ជាពិសេសអាចជួយសន្សំសំចៃថ្លៃធ្វើដំណើរ និងថ្លៃប្រេងឥន្ធនៈ។ នេះជាប្រសាសន៍របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញលោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើងប្រចាំកម្ពុជា សាកល្បងការធ្វើដំណើរតាមសេវារថយន្តក្រុងសាធារណៈ (Airport Express Bus) ដែលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មកកាន់កណ្តាលរាជធានីភ្នំពេញ ដែលផ្តល់សេវាដោយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ។

បើតាមលោក ហួត ហាក់ ការធ្វើដំណើរតាមរថយន្តនេះ ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ មិនត្រឹមតែសន្សំសំចៃថ្លៃធ្វើដំណើរ និងថ្លៃប្រេងឥន្ធនៈ ថែមទាំងអាចទស្សនាទេសភាពតាមដងផ្លូវ និងស្វែងយល់ពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងអំឡុងពេលធ្វើដំណើរ។

គួរបញ្ជាក់ថា សេវារថយន្តក្រុងប្រកបដោយផាសុកភាពនេះ មានតម្លៃធ្វើដំណើរត្រឹមតែ ១.៥០០រៀលប៉ុណ្ណោះសម្រាប់ការធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មកកាន់កណ្តាលរាជធានីភ្នំពេញ ពោលគិតចាប់ពីរង្វង់មូលគួចកាណុង ដោយរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស។ សេវារថយន្តក្រុងនេះ ដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥:៣០ ព្រឹក ដល់ម៉ោង ១០:៣០ យប់៕


Khcct banner

អត្ថបទទាក់ទង