ភ្នំពេញ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សហការជាមួយក្រុមគ្រួសាររបស់លោក វ៉ាន់ ណាត នឹងរៀបចំពិព័រណ៍ពិសេសមួយក្រោមចំណងជើងថា «វ៉ាន់ ណាត៖ គំនូរនៃការចងចាំ» (Vann Nath: Paintings of Memory)។ ពិព័រណ៍នេះរៀបចំឡើងដើម្បីឧទ្ទិសជូនដល់វិចិត្រករ និងសាក្សីប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរូបរបស់ប្រទេសកម្ពុជា ក្នុងឱកាសគម្រប់ខួប ១៥ ឆ្នាំនៃការទទួលមរណភាពរបស់លោក។ កម្មវិធីបើកសម្ពោធជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០ ល្ងាច ហើយពិព័រណ៍នេះនឹងបើកជូនសាធារណជនចូលទស្សនារហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបុប្ផាណា រាជធានីភ្នំពេញ។
ពិព័រណ៍នេះប្រមូលផ្តុំនូវផ្ទាំងគំនូររបស់លោក វ៉ាន់ ណាត ដែលត្រូវបានរក្សាទុកនៅក្នុងប្រទេសកម្ពុជា រួមមានស្នាដៃពីក្រុមគ្រួសាររបស់លោក ព្រមទាំងការចូលរួមចំណែកផ្ដល់ខ្ចីពីមិត្តភក្តិ និងអ្នកប្រមូលទិញស្នាដៃសិល្បៈ។ ស្នាដៃទាំងនេះនឹងត្រូវដាក់បង្ហាញទន្ទឹមគ្នាជាមួយនឹងឯកសារសោតទស្សន៍ របស់មជ្ឈមណ្ឌលបុប្ផាណា ដែលអនុញ្ញាតឱ្យសាធារណជនបានជួបលោក វ៉ាន់ ណាត ឡើងវិញ តាមរយៈផ្ទាំងគំនូរ សំឡេង សក្ខីកម្មផ្ទាល់មាត់ និងទស្សនៈរបស់លោកលើវិស័យសិល្បៈ និងការចងចាំ។
ក្រៅពីការចងចាំលោក វ៉ាន់ ណាត ក្នុងនាមជាអ្នករស់រានមានជីវិត និងជាសាក្សីប្រវត្តិសាស្ត្រដ៏កម្រនៃគុកទួលស្លែង (ស-២១) ដែលគំនូររបស់លោកធ្លាប់បានបង្ហាញយ៉ាងច្បាស់ពីទារុណកម្ម និងភាពអមនុស្សធម៌ក្នុងរបបខ្មែរក្រហម ពិព័រណ៍នេះចង់បើកបង្ហាញពីទិដ្ឋភាពកាន់តែទូលំទូលាយរបស់លោកក្នុងនាមជា «វិចិត្រករ» មួយរូប។ ពេញមួយជីវិតរបស់លោក លោកបានគូររូបមនុស្ស រូបបញ្ឈរ ទេសភាព ទិដ្ឋភាពជីវិតប្រចាំថ្ងៃ និងពិភពលោកជុំវិញខ្លួន ដែលបង្ហាញពីភាពរស់រវើក ភាពម៉ត់ចត់ និងគុណតម្លៃមនុស្សជាតិក្នុងស្នាដៃរបស់លោក។
លោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ផាណា បានលើកឡើងថា ពិព័រណ៍នេះមិនត្រឹមតែរំលឹកពីលោក វ៉ាន់ ណាត ក្នុងនាមជាអ្នករស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអញ្ជើញទស្សនិកជនឱ្យស្គាល់លោកក្នុងនាមជាសិល្បករម្នាក់។ ការរួមបញ្ចូលគ្នារវាងគំនូរ សំឡេង និងបណ្ណសារសោតទស្សន៍ នឹងបង្កើតជាលំហមួយសម្រាប់យុវជនជំនាន់ក្រោយក្នុងការស្វែងយល់ពីស្នាដៃ សក្ខីកម្ម និងកេរដំណែលរបស់លោក។ ជាមួយគ្នានេះ លោក វ៉ាន់ ច័ន្ទណារ៉ុន កូនប្រុសពៅរបស់លោក វ៉ាន់ ណាត ក៏បានគូសបញ្ជាក់ផងដែរថា រយៈពេល ១៥ ឆ្នាំកន្លងមកនេះ មិនមែនជាការបាត់បង់នោះទេ តែជាពេលវេលាដែលក្រុមគ្រួសារបន្តរក្សាការចងចាំ និងកេរដំណែលរបស់លោកឱ្យនៅរស់រវើក ដើម្បីបន្តទៅកាន់កូនចៅ និងមនុស្សជំនាន់ក្រោយ។
ព្រឹត្តិការណ៍នេះក៏ស្របពេលនឹងខួបលើកទី២០ នៃការបង្កើតមជ្ឈមណ្ឌលបុប្ផាណាផងដែរ ដែលភ្ជាប់ព្រឹត្តិការណ៍ចងចាំដ៏សំខាន់ទាំងពីរចូលគ្នា។ ពិព័រណ៍នេះស្ថិតក្រោមគម្រោង «ការពង្រឹងការអភិរក្សការចងចាំសោតទស្សន៍ និងការពង្រឹងសមត្ថភាពយុវជន» ដោយទទួលបានការគាំទ្រថវិកាពីរដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មូលនិធិ Henry Luce Foundation មូលនិធិ Rei Foundation Limited និង Friends of Bophana តាមរយៈ Myriad USA។ ក្រៅពីការតាំងពិព័រណ៍ ក៏នឹងមានការរៀបចំកម្មវិធីអប់រំ និងវេទិកាសាធារណៈនានា ដើម្បីជជែកពិភាក្សាអំពីកេរដំណែលសិល្បៈ សក្ខីកម្មប្រវត្តិសាស្ត្រ និងតួនាទីនៃសិល្បៈក្នុងការបញ្ជូនបន្តការចងចាំ។ សាធារណជនអាចទាក់ទងព័ត៌មានបន្ថែមតាមរយៈអ៊ីមែល [email protected] ឬលេខទូរស័ព្ទ +855 92 902 543៕