Swift cc time

អាម៉េរិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបង្ក្រាបបទល្មើសឆ្លងដែន និងឧក្រិដ្ឋកម្មតាមអនឡាញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អាម៉េរិកបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងបង្កការគំរាមកំហែងដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ការប្តេជ្ញានេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី Aleks Zittle ភារធារីស្ថានទូតសហរដ្ឋអាមេរិក និង លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ ការចែករំលែកព័ត៌មាន និងការឆ្លើយតបចំពោះការគំរាមកំហែងឧក្រិដ្ឋកម្មឆ្លងដែន។

ក្នុងជំនួបនេះ លោកស្រី Aleks Zittle បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការរួមគ្នារវាងស្ថាប័នអនុវត្តច្បាប់របស់ប្រទេសទាំងពីរ ព្រមទាំងលើកទឹកចិត្តឱ្យភាគីកម្ពុជាបន្តស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះបណ្តាញឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ក្នុងនោះ ភាគីអាមេរិកក៏បានបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយបច្ចេកទេស ដើម្បីជួយកម្ពុជាពង្រឹងសមត្ថភាពប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងបង្កើនប្រសិទ្ធភាពក្នុងការស៊ើបអង្កេត និងអនុវត្តច្បាប់ប្រឆាំងបទល្មើសឌីជីថល។

ភាគីអាម៉េរិកបានបញ្ជាក់ថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីការពារប្រជាពលរដ្ឋនៃប្រទេសទាំងពីរ តាមរយៈការបង្ក្រាបបណ្តាញឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត នៅគ្រប់ទីតាំងដែលពួកគេកំពុងធ្វើសកម្មភាព៕


Khcct banner

អត្ថបទទាក់ទង