ក្រុងស៊ីដនី៖រាជធានីភ្នំពេញ បេដូងនៃប្រទេសកម្ពុជា បានទទួលពានរង្វាន់ពីអង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការអនុវត្តគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និង លើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និង ការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង”។ពិធីទទួលពាននេះ រៀបចំឡើងនៅ ក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដោយមានលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ឡើងទទួលដោយផ្ទាល់ដៃ។
មុនទទួលបានពានរង្វាន់អន្តរជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៥ បានចាប់ផ្តើមដាក់ចេញ និងអនុវត្តសាកល្បងនូវគម្រោង “រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាគាំទ្រ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន” ដោយបានជ្រើសរើសយកតំបន់សាលារៀនចំនួន ២ គឺ សាលារៀនមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋម-វិទ្យាល័យហ៊ុនសែនចាក់អង្រែ ដែលជាច្រកចេញ-ចូលរាជធានីភ្នំពេញ មានស្ថានភាពចរាចរណ៍មមាញឹក និងងាយបង្កជាហានិភ័យដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតំបន់នោះ។
នៅក្នុងការអនុវត្តគម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តោតនូវការអនុវត្តនូវវិធានការធំៗចំនួន ៣ គឺ៖ (១) ការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសសិ្ស និងប្រជាពលរដ្ឋគោលដៅ, (២) ការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និង ការបំពាក់នូវបរិក្ខាគាំទ្រទំនើប រួមមាន៖តម្លើងស្លាកសញ្ញា និងគំនូសចរាចរណ៍ ផ្ទាំងកំណត់ល្បឿនឆ្លាតវៃ ព្រមទាំងបំពាក់ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពជាដើម។ល។ (៣) ការពង្រឹងវិធានការតាមដាន ព្រមទាំងបន្តអនុវត្តនូវវិធានការដែលមានស្រាប់គឺ ការពង្រាយកម្លាំងសមត្ថកិច្ច និងភ្នាក់ងារចរាចរណ៍នៅតាមសាលារៀន ដើម្បីជួយសម្រួលចរាចរណ៍នៅក្នុងកំឡុងពេលម៉ោងសិស្សចូល និងចេញពីរៀន ដែលបានបញ្ចៀសនូវហានិភ័យបានយ៉ាងល្អប្រសើរ។
តាមរយៈកិច្ចការដែលបានអនុវត្តទាំងអស់នេះ ទើបរាជធានីភ្នំពេញរបស់កម្ពុជា ត្រូវបានជាប់ក្នុងបញ្ជីនៃការប្រគល់ជូននូវពានរង្វាន់ប្រចាំឆ្នាំ២០២៦ នៃអង្គការសុខភាពពិភពលោកនាពេលនេះ ក្នុងចំណោមទីក្រុងជាង ១៥០ទីក្រុងមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងចាត់ទុកពានរង្វាន់នេះ គឺជាកិត្តិយសយ៉ាងធំធេង ក្រោមដឹកនាំរបស់លោក ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន តាមរយៈការកែលម្អ និង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ការពង្រឹងប្រព័ន្ធអប់រំ និងសុខាភិបាលនៅថ្នាក់មូលដ្ឋាន ការអភិវឌ្ឍប្រព័ន្ធចរាចរណ៍ និងដឹកជញ្ជូន តាមរយៈការរៀបចំឱ្យមានរថយន្តក្រុងសាធារណៈ និងការរៀបចំផែនការមេសម្រាប់ការងារដឹកជញ្ជូន និង ការកាត់បន្ថយជាអតិបរមានូវអត្រាគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺមិនឆ្លង ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ មធ្យោបាយធ្វើដំណើរ និងសំណង់នគររូបនីយកម្មយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ។
បើតាមលោកស្រី សម្ផស្ស អះអាងថា វាមិនមែនជាការចៃដន្យទេ ដែលការខិតខំប្រឹងប្រែងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអង្គការពិភពលោកទទួលស្គាល់ និង ផ្តល់នូវពានរង្វាន់ ខណៈកន្លងទៅក្រុមការងារបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (PHC) ចាប់ពីឆ្នាំ២០១៧ រហូតមកដល់សព្វថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ បានសហការអនុវត្តនូវគម្រោងធំៗមួយចំនួន ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដោយជម្ងឺមិនឆ្លងដោយក្នុងនោះរួមមាន៖ គម្រោងលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា, គម្រោងកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង និងគម្រោងគ្មានការបង្ហុយផ្សែងបារីនៅតំបន់ទេសចរណ៍ផ្លូវថ្មើរជើងចតុមុខ ជាដើម។ល។ គម្រោងខាងលើ ពិតជាបានរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការផ្តួចផ្តើមការកែប្រែទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋ, ការកែលម្អបរិយាកាសសង្គម និងការកាត់បន្ថយនូវហានិភ័យនានាដែលបង្កឡើងដោយជម្ងឺមិនឆ្លង ដែលបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការងារគាំពារសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕