Swift cc time

ក្រសួងយុត្តិធម៌ កំពុងធ្វើចំណាត់ការផ្ទៃក្នុងតាមនីតិវិធី និងសមត្ថកិច្ច លើករណីចោទថា តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុកជិត១ឆ្នាំ ដោយសារចាប់ច្រឡំ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ កំពុងធ្វើចំណាត់ការផ្ទៃក្នុងតាមនីតិវិធី និងសមត្ថកិច្ច ចំពោះករណីសាលាដំបូងខេត្តស្ទឹងត្រែង ដែលត្រូវបានផ្សព្វផ្សាយអំពី «តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុកជិត១ឆ្នាំ ដោយសារចាប់ច្រឡំ»។

លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្រសួងកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះករណីដែលកើតឡើងនៅសាលាដំបូងខេត្តស្ទឹងត្រែង ពាក់ព័ន្ធការផ្សព្វផ្សាយអំពី «តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុករយៈពេលជិត ១ (មួយ) ឆ្នាំ ដោយសារចាប់ច្រឡំ»។ ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យបានឃើញនូវសេចក្តីប្រកាសព័ត៌មានបំភ្លឺរបស់អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ និងពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋដែលបានដាក់ចូលមកកាន់ក្រសួងយុត្តិធម៌។

លោក បានបញ្ជាក់ថា ករណីនេះ ក្រសួងកំពុងធ្វើចំណាត់ការផ្ទៃក្នុងតាមនីតិវិធី និងសមត្ថកិច្ច ដើម្បីធានាភាពយុត្តិធម៌ពិតប្រាកដ។ គ្រប់ករណីទាំងអស់ចាំបាច់ត្រូវឆ្លងកាត់ការអង្កេតស្រាវជ្រាវយ៉ាងល្អិតល្អន់ ដោយយន្តការមានសមត្ថកិច្ច ក្នុងការពិនិត្យមើលភាពត្រឹមត្រូវ ឬភាពមិនប្រក្រតីនៃការអនុវត្តនីតិវិធីរបស់ចៅក្រម និងព្រះរាជអាជ្ញា។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា រាល់ពាក្យបណ្តឹង ឬពាក្យសុំអន្តរាគមន៍ទាំងនោះ តែងទទួលបាននូវការពិនិត្យ និងចាត់ការទៅតាមនីតិវិធីរដ្ឋបាលប្រកបដោយការយកចិត្តទុកដាក់។ ក្រសួងយុត្តិធម៌ នឹងតែងឆ្លើយតប និងដោះស្រាយក្នុងក្របខណ្ឌសមត្ថកិច្ចតាមច្បាប់របស់ក្រសួង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញ៕

Khcct banner

អត្ថបទទាក់ទង