Swift cc time

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំនេះ មានក្រុមហ៊ុន និងសហគ្រាស១៥០ ផ្តល់ឱកាសការងារជាង៣៥,០០០កន្លែង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនឹងវិលត្រឡប់មកជួបយុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារជាថ្មី នៅឆ្នាំ២០២៦នេះ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ នឹងនាំមកនូវឱកាសការងារជាង ៣៥,០០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រប្រមាណ ១៥០ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាដ៏សំខាន់មួយសម្រាប់ភ្ជាប់រវាងអ្នកស្វែងរកការងារ និងនិយោជក ដើម្បីឱ្យយុវជន សិស្ស-និស្សិត អ្នកបញ្ចប់ការសិក្សា និងប្រជាពលរដ្ឋដែលកំពុងស្វែងរកឱកាសការងារ អាចស្វែងរកការងារសមស្របទៅតាមជំនាញ សមត្ថភាព និងចំណាប់អារម្មណ៍របស់ខ្លួនបានកាន់តែងាយស្រួល។

អ្នកនាំពាក្យរូបនេះបន្តថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ត្រូវបានសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ព្រមទាំងទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ(ILO) និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

លោក ស៊ុន មេសា បញ្ជាកថា«តាមរយៈព្រឹត្តិការណ៍នេះ អ្នកចូលរួមនឹងអាចទទួលបានឱកាសជួបផ្ទាល់ជាមួយតំណាងក្រុមហ៊ុន សហគ្រាស និងរោងចក្រជាច្រើន ដើម្បីស្វែងយល់អំពីតម្រូវការកម្លាំងពលកម្ម លក្ខខណ្ឌការងារ មុខតំណែងការងារ និងឱកាសអភិវឌ្ឍអាជីពនៅក្នុងស្ថាប័ននីមួយៗ»។ លើសពីនេះ អ្វីដែលកាន់តែពិសេស សម្រាប់អ្នកស្វែងរកការងារ ព្រឹត្តិការណ៍នេះនឹងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកការងារដោយអាចបង្កើតប្រវត្តិរូបសង្ខេប(CV) ដាក់ពាក្យ និងចូលសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនដែលចូលរួមក្នុងព្រឹត្តិការណ៍៕

Khcct banner

អត្ថបទទាក់ទង