Swift cc time

ក្រសួងទេសចរណ៍ បង្កើនការអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ ស្របតាមស្តង់ដាជាតិ និងអាស៊ាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បន្តយកចិត្តទុកដាក់លើការពង្រឹងគុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងផលិតភាព តាមរយៈការបណ្តុះបណ្តាលថ្មី និងបន្ថែម (Reskilling and Upskilling) ដល់អ្នកជំនាញទេសចរណ៍ ដើម្បីធានាការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ និងភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការងារអាទិភាពដ៏សំខាន់ ដើម្បីកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយជំនាញ និងមានសមត្ថភាពប្រកួតប្រជែង ឆ្លើយតបទៅនឹងគោលដៅ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍បន្តយកចិត្តទុកដាក់លើការពង្រឹងគុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងផលិតភាព តាមរយៈការបណ្តុះបណ្តាលថ្មី និងបន្ថែម (Reskilling and Upskilling) ដើម្បីធានាការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ និងភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាលទ្ធផលកន្លងមក ក្រសួងទេសចរណ៍បានបញ្ជូនមន្ត្រីជំនាញចំនួន ៣០រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលអាស៊ាន និងអ្នកវាយតម្លៃបង្គោលអាស៊ាន និងបានបណ្តុះបណ្តាលបន្តដល់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិបានប្រមាណជាង ៨១៦ រូប។ ជាមួយគ្នានេះ ក្រសួងបានទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍សរុបចំនួន ៩ទីតាំង ក្នុងនោះមាន ៤ទីតាំង អាចបណ្តុះបណ្តាលគុណវុឌ្ឍិអាស៊ានពេញលេញ។

គួរបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសឈានមុខគេមួយក្នុងតំបន់អាស៊ាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។ កម្ពុជាក៏ទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ានឱ្យទទួលបន្ទុកលើការងារសំខាន់ៗ រួមមាន ការរៀបចំគោលការណ៍ណែនាំស្តីពីយន្តការវាយតម្លៃការសិក្សាពីមុន (RPL) សម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន និងការរៀបចំស្តង់ដាសមត្ថភាព និងកម្មវិធីសិក្សារួមស្តង់ដាអាស៊ានលើជំនាញស្ប៉ា៕


Khcct banner

អត្ថបទទាក់ទង