ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ធំមួយ និងជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជា បានបន្តបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើតឱកាសការងារជូនយុវជនកម្ពុជា តាមរយៈការចូលរួមក្នុង «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៦» ក្រោមមូលបទ «ផលិតភាពការងារ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ស្តីពី កម្មវិធីពិព័ណ៍ការងារ និងផលិតភាពជាតិ កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២៦ លោក ហុង សុវណ្ណតារា នាយក នៃនាយកដ្ឋានសេវាកម្មធនធានមនុស្ស នៃធនាគារ កាណាឌីយ៉ា បានគូសបញ្ជាក់ថា «ឆ្នាំនេះគឺជាលើកទី១៦ ដែលធនាគារ កាណាឌីយ៉ា បានចូលរួមក្នុងព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនេះ ក្នុងនាមជាដៃគូសហការដ៏សកម្មមួយរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងចូលរួមតភ្ជាប់អ្នកស្វែងរកការងារ ឆ្ពោះទៅកាន់ឱកាសអាជីពជាក់ស្តែង ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍជំនាញ និងផលិតភាពរបស់កម្លាំងពលកម្មកម្ពុជា។ ពិព័រណ៍ឆ្នាំនេះ មិនត្រឹមតែជាស្ពានតភ្ជាប់រវាងអ្នកស្វែងរកការងារ និងនិយោជកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាយុទ្ធសាស្ត្រមួយក្នុងការលើកកម្ពស់ «ផលិតភាពការងារ» ដែលជាកត្តាគន្លឹះក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។»
ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ឌីជីថលភាវូបនីយកម្ម និងការប្រកួតប្រជែងកាន់តែខ្ពស់ ការបង្កើតឱកាសការងារតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ។ ការវិនិយោគលើចំណេះដឹង ជំនាញ សមត្ថភាពវិជ្ជាជីវៈ និងប្រសិទ្ធភាពការងារ គឺជាកត្តាចាំបាច់ក្នុងការកសាងកម្លាំងពលកម្មដែលមានគុណភាព និងអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ន និងអនាគត។
ក្នុងន័យនេះ ធនាគារ កាណាឌីយ៉ា តែងតែចាត់ទុក ធនធានមនុស្សជាកម្លាំងចលករដ៏សំខាន់នៃការរីកចម្រើនរបស់ស្ថាប័ន ដោយផ្តោតលើការទាក់ទាញ ការអភិវឌ្ឍ និងការផ្តល់ឱកាសរីកចម្រើនដល់បុគ្គលិក និងយុវជនជំនាន់ថ្មី។ ការចូលរួមក្នុងពិព័រណ៍នេះ ក៏ជាផ្នែកមួយនៃការរួមចំណែកកសាងមូលធនមនុស្សដែលមានជំនាញ ផលិតភាព និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យធនាគារ និងសេដ្ឋកិច្ចជាតិ។
ទិសដៅនេះក៏ស្របទៅនឹង យុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមបាវចនា «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ដែលផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស និងការកសាងសេដ្ឋកិច្ចដែលមានសមត្ថភាពប្រកួតប្រជែង ដើម្បីរួមចំណែកឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឱកាសការងារជាង ២០០ កន្លែង ទាំងនៅការិយាល័យកណ្តាល និងសាខាទូទាំងរាជធានី-ខេត្ត
ជាពិសេស សម្រាប់ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៦ នេះ ធនាគារ កាណាឌីយ៉ា បានត្រៀមនូវ ឱកាសការងារជាង ២០០ កន្លែង សម្រាប់បេក្ខជន និងបេក្ខនារីដែលមានចំណាប់អារម្មណ៍ចង់ចាប់ផ្តើម ឬបន្តអភិវឌ្ឍអាជីពក្នុងវិស័យធនាគារ ទាំងនៅការិយាល័យកណ្តាល សាខានៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
ក្នុងនោះរួមមាន កម្រិតមិនមែនអ្នកគ្រប់គ្រង (Non-Managerial Level) ជាង ១៥០ កន្លែង លើមុខជំនាញ និងតួនាទីផ្សេងៗ និង កម្រិតអ្នកគ្រប់គ្រង (Managerial Level) ជាង ៥០ កន្លែង សម្រាប់អ្នកមានបទពិសោធន៍ ជំនាញវិជ្ជាជីវៈ និងសមត្ថភាពដឹកនាំ។
ឱកាសពិសេស ២៥ កន្លែង សម្រាប់ Young Professional Banker
ក្រៅពីឱកាសការងារខាងលើ ធនាគារ កាណាឌីយ៉ា ក៏ផ្តល់ឱកាសពិសេសចំនួន ២៥ កន្លែង តាមរយៈកម្មវិធី Young Professional Banker (YPB) ដែលជាកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យវ័យក្មេងរបស់ធនាគារ។
កម្មវិធីនេះផ្តោតលើយុវជនដែលមានសក្តានុពល ជាពិសេសនិស្សិតដែលទើបបញ្ចប់ការសិក្សា និស្សិតដែលជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬបេក្ខជនដែលមិនទាន់មានបទពិសោធន៍ការងារ ប៉ុន្តែមានឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ និងចង់កសាងអាជីពក្នុងវិស័យធនាគារ។
បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញរយៈពេល ៦ខែ តាមរយៈការរៀនសូត្រទាំងផ្នែកទ្រឹស្តី និងការអនុវត្តការងារជាក់ស្តែង ព្រមទាំងទទួលបានអត្ថប្រយោជន៍ និងការលើកទឹកចិត្តផ្សេងៗ។ កម្មវិធីនេះត្រូវបានរៀបចំឡើងជាថ្នាលសម្រាប់អភិវឌ្ឍន៍យុវជនដែលមានសក្តានុពល ឱ្យក្លាយជាអ្នកជំនាញធនាគារ និងអ្នកដឹកនាំជំនាន់ថ្មីនាពេលអនាគត។
ជួបក្រុមការងារធនាគារ កាណាឌីយ៉ា ដោយផ្ទាល់នៅពិព័រណ៍
ធនាគារ កាណាឌីយ៉ា សូមអញ្ជើញបងប្អូនយុវជន យុវនារី សិស្ស និស្សិត អ្នកទើបបញ្ចប់ការសិក្សា អ្នកកំពុងស្វែងរកការងារ និងអ្នកដែលមានបំណងស្វែងរកឱកាសថ្មីក្នុងអាជីព ចូលរួមព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ។
អ្នកចូលរួមអាចជួប និងពិភាក្សាដោយផ្ទាល់ជាមួយក្រុមការងារធនធានមនុស្សរបស់ធនាគារ កាណាឌីយ៉ា ស្វែងយល់ពីមុខតំណែងដែលកំពុងជ្រើសរើស ទទួលការប្រឹក្សាអំពីអាជីព និងស្វែងយល់ពីឱកាសរៀនសូត្រ និងការអភិវឌ្ឍអាជីពនៅក្នុងធនាគារ។
សូមមកជួបយើងនៅស្តង់ពិព័រណ៍របស់ធនាគារ កាណាឌីយ៉ា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៦» នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។
កុំឱ្យឱកាសដ៏មានតម្លៃនេះរំលងផុតទៅ។ មកស្វែងយល់ពីឱកាសការងារ បង្ហាញសក្តានុពលរបស់អ្នក និងចាប់ផ្តើមជំហានថ្មីនៃអាជីពជាមួយ ធនាគារ កាណាឌីយ៉ា។
ព័ត៌មានបន្ថែម និងការដាក់ពាក្យការងារ
សម្រាប់ព័ត៌មានបន្ថែមអំពីឱកាសការងារនៅធនាគារ កាណាឌីយ៉ា លោកអ្នកអាចទំនាក់ទំនង ដាក់ពាក្យ ឬតាមដានព័ត៌មានជ្រើសរើសបុគ្គលិក និងឱកាសការងារថ្មីៗតាមរយៈ៖
• គណនី Facebook ផ្លូវការ – Grow With Canadia: facebook.com/share/188vFFmjyh/?mibextid=wwXIfr
• Telegram – Grow With Canadia: t.me/growwithcanadia
• គេហទំព័រ Careers: canadiabank.com.kh/careers
• អ៊ីមែលសម្រាប់ដាក់ពាក្យការងារ: [email protected]
• លេខទំនាក់ទំនង: 071 352 1333
ធនាគារ កាណាឌីយ៉ា — រួមគ្នាកសាងធនធានមនុស្ស បង្កើតឱកាស និងអភិវឌ្ឍន៍អនាគតអាជីពប្រកបដោយចីរភាព។